បាត់ដំបង៖ ផ្សារមោងឫស្សី និងតំបន់មួយចំនួនតាមបណ្ដោយដងស្ទឹងមោង ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង បាននិងកំពុងរងការលិចលង់ដោយជំនន់ទឹកភ្លៀង។
លោក ឡុង សុភឺន អភិបាលរងស្រុកមោងឫស្សី បានថ្លែងប្រាប់ទូរទស្សន៍BTVនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះថា ការជន់លិចផ្សារមោងដោយសារតំបន់ខាងលើមានភ្លៀងធ្លាក់ខ្លាំង និងម្យ៉ាងទៀតដោយសារក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៥ ធ្វើទំនប់ដើម្បីសាងសង់ស្ពានឆ្លងកាត់ស្ទឹងមោង។
លោក ឡុង សុភឺន បានឱ្យដឹងបន្ថែមថា ជំនន់ទឹកភ្លៀងនេះ បានលិចចូលតូបលក់ដូរក្នុងផ្សារមោងទាំងស្រុង ប៉ុន្តែមិនបង្កផលប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋឡើយ។
លោក បានបង្ហាញក្ដីរំពឹងថា ជំនន់ទឹកភ្លៀងនេះអាចស្រកចុះវិញនៅរសៀល ឬល្ងាចនេះក្នុងករណីតំបន់ខាងលើពុំមានភ្លៀងធ្លាក់បន្តទៀត ខណៈក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៥ បានបើកទំនប់បង្ហូរទឹកទៅតំបន់ខាងក្រោម៕

