បាល់ទាត់៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខនេះហើយ ដែលជាព្រឹត្តិការណ៍ដំបូងរៀបចំនៅលើទឹកដីអារ៉ាប់។

មិនត្រឹមតែជាលើកដំបូងនោះទេ World Cup នៅកាតាក៏ត្រូវបានរៀបចំឡើងក្នុងពេលវេលាប្លែកពីគេដែរ ដោយត្រូវរៀបចំឡើងក្នុងរដូវរងានៅតំបន់មជ្ឈិមបូព៌ាដើម្បីបញ្ចៀសពីបញ្ហាកម្ដៅអំឡុងខែកក្កដារឺសីហា ខណៈកីឡដ្ឋានប្រកួតក៏បំពាក់ដោយម៉ាស៊ីនត្រជាក់ថែមទៀត។ អ្វីៗសុទ្ធតែប្លែកពីគេ ហើយក៏ប្លែកពីគេមួយទៀតនោះគឺក្រុមបាល់ទាត់ជម្រើសជាតិម្ចាស់ផ្ទះកាតាបានប្រមូលផ្តុំហ្វឹកហាត់ និងស្នាក់នៅជុំគ្នា ៦ខែមុនព្រឹត្តិការណ៍មកដល់។ សមាជិកក្រុមជម្រើសជាតិសរុប ២៧នាក់បានប្រមូលផ្តុំជុំគ្នាកាលពីខែមុនក្រោមការដឹកនាំរបស់លោក Felix Sanchez។ ការប្រមូលផ្តុំរបស់ក្រុមកាតាធ្វើឡើងដំបូងនៅប្រទេសអេស្ប៉ាញ មុនពេលផ្លាស់ទៅទឹកដីអូទ្រីសដែលនឹងមានការប្រកួតកម្មវិធីមួយដែលមានប្រទេសចូលរួមចំនួន ៤ រួមមានម៉ារ៉ុក ហ្កាណា និងចាម៉ៃកា។
ការប្រមូលផ្តុំក្រុមជម្រើសជាតិរយៈពេលយូរបែបនេះ ក៏បានទទួលការរិះគន់ផងដែរដោយសារកីឡាករទាំងអស់ ត្រូវស្ថិតក្នុងជំរំហ្វឹកហាត់មិនមានការប្រកួត។ តែគំនិតបែបនេះត្រូវបានគេដឹងថា កាតាទំនងធ្វើតាមលំនាំ ២០ឆ្នាំមុនដែលម្ចាស់ផ្ទះកូរ៉េខាងត្បូងប្រមូលផ្តុំក្រុមជំរើសជាតិ ៥ខែមុនព្រឹត្តិការណ៍ ហើយកូរ៉េក៏បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមិនគួរឱ្យជឿ។ កាតាស្ថិតក្នុងពូល A ដោយនឹងត្រូវជួបជាមួយសេណេហ្កាល់ ហូឡង់ និងអេក្វាដ័រ៕
អត្ថបទ៖នាង សុភាវុធ