ភ្នំពេញ៖ ដូចការគ្រោងទុក កិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ដែលហៅកាត់ថា (អាយឆា) បានចាប់ផ្តើមកិច្ចប្រជុំនៅព្រឹកនេះ។
ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងកម្ពុជាប្រចាំ អាយឆា និងជាប្រធានអាយឆា ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី៣០ខែកក្កដានេះ បានដឹកនាំកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២២ របស់អាយឆា ដោយមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ាន ទាំងអស់ប្រចាំអាយឆា និងលេខាធិការដ្ឋានអាស៊ានផងដែរ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។
ប្រតិភូតំណាងប្រទេសសមាជិកអាស៊ានប្រចាំអាយឆា រួមទាំងក្រុមការងារលេខាធិការដ្ឋាន អាស៊ាន នឹងធ្វើការពិនិត្យ ពិភាក្សា និងអនុម័តទៅលើរបាយការណ៍ប្រចាំឆ្នាំរបស់អាយឆា ឯកសារទស្សនទាន ស្តីពីកម្មវិធីអាទិភាពរបស់អាយឆាឆ្នាំ២០២២ និងឆ្នាំ២០២៣ ឯកសារទស្សនា នៃសកម្មភាពរបស់អាយឆា របាយការណ៍សកម្មភាពនានាដែលបានអនុវត្តរួចហើយ វឌ្ឍនភាព នៃកម្មវិធីនានាដែលមិនទាន់បានអនុវត្ត និងឯកសារសំខាន់ៗមួយចំនួនទៀត។
បន្ថែមលើនេះ ក្នុងកិច្ចប្រជុំពិសេសលើកទី១របស់អាយឆាឆ្នាំ២០២២ ឯកឧត្ដម កែវ រ៉មី ប្រធានអាយឆាឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូអាយឆា ជួបប្រជុំដាច់ដោយជាមួយ ឯកឧត្តម Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។ ដោយឡែក នៅរសៀលថ្ងៃដដែលនោះ ឯកឧត្តមប្រធានអាយឆាឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូអាយឆាន ប្រទេសអាស៊ានទាំង១០ និងក្រុមការងារលេខាធិការដ្ឋានអាស៊ាន ចូលរួមប្រជុំក្នុងកិច្ចជំនួបប្រចាំឆ្នាំ រវាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន ផងដែរ ៕ អត្ថបទ៖ ទូច សោភ័ណ



