ព្រះសីហនុ៖ នៅថ្ងៃទី២៩ ខែកក្កដា នេះ អភិបាលក្រុងព្រះសីហនុ បានអះអាងថា ការរៀបចំសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានឆ្នេរសមុទ្រ បានទទួលជោគជ័យ ដោយសារមានការចូលរួមពីពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាថែរក្សាសោភ័ណភាពទីក្រុងទេសចរណ៍។
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា អស់រយៈពេលជាងមួយខែកន្លងមកនេះ "ការរៀបចំសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថានឆ្នេរបានទទួលជោគជ័យ អត់មានការលក់ដូរទៀតទេ អត់មានដាក់តុ កៅអី ដូចមុនទេ នៅសល់តិចតូចណាស់"។ កន្លងមកនេះ រដ្ឋបាលក្រុង បានធ្វើការផ្សព្វផ្សាយណែនាំមិនឱ្យមានការលក់ដូរចល័តអនាធិបតេយ្យនៅលើឆ្នេរសមុទ្រ។ ផ្ដើមចេញពីការចូលរួម និងលទ្ធផលជោគជ័យនេះ អាជ្ញាធរ ឬរដ្ឋបាលក្រុង បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្ដចូលរួមសហការជាមួយអាជ្ញាធរ ក្នុងាការរួមគ្នាថែរក្សាអនាម័យបរិស្ថានសម្រាប់សោភ័ណភាពទីក្រុងទេស ចរណ៍ដើម្បីប្រយោជន៍សាធារណៈសម្រាប់ប្រជាពលរដ្ឋសាធារណជន ភ្ញៀវទេសចរ ចូលលេងលម្ហែកម្សាន្ដឱ្យបានកុះករ។
រដ្ឋបាលក្រុង “បានធ្វើការផ្សព្វផ្សាយពីការរៀបចំសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថានឆ្នេរ សម្រាប់សោភ័ណភាពទីក្រុងទេសចរណ៍ កាលពីថ្ងៃ២២ ខែមិថុនា ដល់ថ្ងៃ៧ ខែកក្កដា ឆ្នាំ២០២២ ហើយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលក្រុង បានសហការជាមួយមន្ទីរពាក់ព័ន្ធ និងកម្លាំងសមត្ថកិច្ច ចាត់វិធានការរដ្ឋបាល ចាប់យកសម្ភាររបស់ក្រុមអ្នកលក់ដូរអនាធិបតេយ្យនៅលើឆ្នេរទាំងនោះ និងមិនប្រគល់ជូនវិញទេ”។
រាជរដ្ឋាភិបាល បានដកកញ្ចប់ថវិកាសន្សំរបស់ជាតិជាង ១០០លានដុល្លារ និងអនុវត្តគោលនយោបាយ “ស្លឹកត្នោត ខ្ចប់ស្ករត្នោត” ដើម្បីស្ថាបនាផ្លូវក្នុងក្រុង និងផ្លូវប្របឆ្នេរ ជិត៤០ខ្សែ ព្រមជាមួយហេដ្ឋរចនាសម្ព័ន្ធប្រព័ន្ធលូរំដោះទឹកភ្លៀង ស្ថានីយចម្រោះទឹកកខ្វក់ កែលម្អខ្ចុះឆ្នេរកម្សាន្ត ការរៀបចំទីលានតេជោ ការសាងសង់រូបសំណាកផ្សេងៗ ក្នុងគោល បំណងកែលម្អសោភ័ណភាព ដើម្បីជំរុញការអភិវឌ្ឍខេត្ត ហើយក៏ជាពេលវេលាដែលខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍ “ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋាន ឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូល អន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារ សកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ” និងស្របតាមគោលនយោបាយអភិវឌ្ឍវិសយឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥៕អត្ថបទ៖ គង់ ប៊ុនថា