ប៉ារ៉ាឡាំពិក៖ គិតត្រឹមពេលនេះបើយោងតាមឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មអត្តពលិកជនពិការកម្ពុជាបានបញ្ជាក់ថា អត្តពលិកជនពិការកម្ពុជាដណ្តើមបានមេដាយ ៣គ្រឿងហើយ ក្នុងនោះមាស ២គ្រឿង និងសំរឹទ្ធ ១គ្រឿងក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

ឯកឧត្តមបន្តថា ជ័យជំនះនេះបានបង្កនូវភាពសប្បាយរីករាយ សម្រាប់គណៈប្រតិភូ និងអត្តពលិកជនពិការកម្ពុជា បន្ទាប់ពីឈ្នះមេដាយមាស ១គ្រឿងជាលើកដំបូងដោយក្រុមកីឡាការិនីបាល់បោះជិះរទេះ ក្រោយយកឈ្នះក្រុមកីឡាការិនីបាល់បោះថៃក្នុងលទ្ធផល ៧-៥ លើវិញ្ញាសានារី ៣ទល់៣នាក់ ខណៈកីឡាវាយកូនឃ្លីលើតុឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសាវាយគូកាលពីថ្ងៃទី៣១ ខែមិថុនា។ ចំនែកមេដាយមាសទី២ របស់កម្ពុជាកើតឡើងនៅព្រឹកថ្ងៃទី០១ ខែសីហានេះ បន្ទាប់ពីកីឡាការិនី វិច ចន្ថា ឈ្នះលើវិញ្ញាសាលោតចម្ងាយ (T44)។ ឯកឧត្តមអគ្គលេខាធិការបានបន្ថែមថា ក្រៅពីការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២២នេះ «គណៈប្រតិភូយើងដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម វ៉ាត់ ចំរើន ក៏កំពុងចុះសិក្សាស្វែងយល់គ្រប់ទីកន្លែងប្រកួត ដើម្បីយកបទពិសោធន៍ទៅវិញ កែច្នៃយ៉ាងមិចឲ្យកម្ពុជាយើងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងសហគមន៍អាស៊ាន ត្រៀមរៀបចំព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាឆ្នាំ២០២៣ នៅកម្ពុជាអោយទទួលបានជោគជ័យ។

គួរបញ្ជាក់ថា ព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី៣០ ខែកក្កដាដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងនោះកម្ពុជាបានបញ្ជូនអត្តពលិកសរុប ១១៥នាក់លើ ១១ប្រភេទកីឡាចូលរួមគឺមានកីឡាអត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល (៧ម្ខាង) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា៕
អត្ថបទ៖ គង់ ហួន