ព្រះសីហនុ៖ ចំនួនភ្ញៀវទេសចរណ៍ជាតិ ជាពិសេសអន្តរជាតិដែលធ្វើដំណើរមកកាន់ខេត្តព្រះសីហនុ តាមជើងហោះហើរដោយត្រង់ បានបន្តសកម្មភាពជាហូរហែរ ហើយចំនួននេះនឹងមានកំណើនកើនឡើងល្អប្រសើរបន្ថែមទៀតនៅឆ្នាំក្រោយ បន្ទាប់ពីកម្ពុជារៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីបរិយាកាស និងបដិសណ្ឋាកិច្ចភ្ញៀវទេសចរណ៍ នៅខេត្តព្រះសីហនុថា បន្ទាប់ពីការបើកប្រទេសមកដល់ពេលនេះ ការធ្វើដំណើររបស់ភ្ញៀវអន្តរជាតិ មកកាន់ខេត្តព្រះសីហនុមានជាបន្តបន្ទាប់ ទាំងអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ ក្នុងនោះចំពោះការវិនិយោគ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខេត្តព្រះសីហនុទទួលបានគម្រោងវិនិយោគធំៗជាហូរហែរឡើងវិញ ដែលចំនួននេះបង្ហាញឲ្យឃើញ អំពីស្ថានភាពល្អប្រសើរនៃការទប់ស្កាត់ជំងឺកូវីដ ១៩ និងបរិយាកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកភ្ញៀវទេសចរណ៍វិញ,លោក បន្តឲ្យដឹងថា ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងបានបង្កើតនូវបរិយាកាសទាក់ទាញដល់ចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងនោះចំពោះភ្ញៀវទេសចរណ៍អន្តរជាតិ បន្ទាប់ពីការបើកជើងហោះហើយមក ចំនួនភ្ញៀវទេសចរណ៍ចូលមកកាន់ខេត្តព្រះសីហនុ បានបន្តសកម្មភាពជាហូរហែរ ចំពោះចំនួនភ្ញៀវទេសចរណ៍ដែលចូលមកទស្សនាកម្សាន្តច្រើនជាងគេមាន វៀតណាម, ចិន, កូរ៉េ និងអាមេរិកជាដើម។
សូមបញ្ជាក់ថា ដោយសាររាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងសភាពការណ៍កូវីដ ១៩ ល្អប្រសើរ ក្នុងនោះមានការបង្កើនជើងហោះហើរមកកាន់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជាមានដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ជាក់ស្តែងនៅក្នុងរយៈពេល ៦ខែ ឆ្នាំ ២០២២ នេះ មានភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា មានប្រមាណជាងកន្លះលាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ ៥ លាននាក់បន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

