ភ្នំពេញ៖ បណ្តាភ្ញៀវទេសចរអន្តរជាតិដែលបានទស្សនាខេត្តសៀមរាប ក្នុងអំឡុងពេលនេះ គឺហាក់មានភាពសប្បាយរីករាយខ្លាំងជាមួយនឹងការអញ្ជើញទស្សនាអង្គរវត្ត និងការទស្សនាតំបន់រមណីយដ្ឋានទេសចរណ៍ និងតំបន់ទេសភាពច្រើនកន្លែងទៀតនៅក្នុងបឹងទន្លេសាប ហើយភ្ញៀវ បានថ្លែងថា ការទស្សនានេះ គឺហាក់ទទួលបានការលើកទឹកចិត្តច្រើនពីប្រជាជនដែលមានភាពញញឹមរាក់ទាក់ ជាពិសេសតម្លៃសេវាសមរម្យ អាហារឆ្ងាញ់ និងមានគុណភាពសុវត្ថិភាព។
បើតាមបណ្តាភ្ញៀវទេសចរអន្តរជាតិ ដែលបានទៅទស្សនាតំបន់ទេសភាពបឹងទន្លេសាបចុងឃ្នាស ខេត្តសៀមរាប បានថ្លែងប្រាប់BTVនៅថ្ងៃទី២ ខែសីហានេះថា សម្រាប់ការមកទស្សនាខេត្តសៀមរាបនៅក្នុងអំឡុងពេលនេះ គឺគេសុទ្ធតែមានការពេញចិត្តជាខ្លាំង ខណៈគេបានមកសប្បាយ និងបានឃើញតំបន់ទេសភាពល្អស្រស់បំព្រមជាច្រើនកន្លែង ក្រៅពីការទស្សនាប្រាសាទអង្គរ និងប្រាង្គប្រាសាទនានាទៀត។
នៅក្នុងពិធីជួបសំណេះសំណាលប្រជាសហគមន៍ផ្តល់សេវាទូកទេសចរណ៍ចុងឃ្នាស ខេត្តសៀមរាប ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា យ៉ាងណាក៏ដោយ គ្រប់ការផ្តល់សេវាកម្មជូនភ្ញៀវទេសចរអន្តរជាតិ នៅក្នុងអំឡុងពេលនេះ គឺគ្រប់បណ្តាអាជីវកម្មទេសចរណ៍នៅខេត្តសៀមរាប គួរត្រូវរួមបញ្ចុះតម្លៃ ផ្តល់សេវាតម្លៃសមរម្យ ដើម្បីបង្កើនភាពទាក់ទាញ ជាពិសេសឲ្យគេយករឿងរ៉ាវការមកទស្សនាខេត្តសៀមរាបនេះទៅនិយាយផ្សព្វផ្សាយបន្ត និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិនានាមកទស្សនាកម្ពុជា។
ជាក់ស្តែង ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប ឯកឧត្តម ថោង ខុន ថ្លែងថា ក្នុងអំឡុងពេលនេះ រាជរដ្ឋាភិបាលបានផ្តល់គោលនយោបាយលើកទឹកចិត្តដល់ភ្ញៀវទេសចរជាតិ ក្នុងនោះ សម្រាប់ការទិញសំបុត្រចូលរមណីយដ្ឋានអង្គរ ប្រភេទ ១ថ្ងៃ អាចចូលទស្សនាបានរយៈពេល ២ថ្ងៃ, សុពលភាព រយៈពេល ៥ថ្ងៃ -ទិញបណ្ណប្រភេទ ៣ថ្ងៃ អាចចូលទស្សនាបានចំនួន៥ថ្ងៃមានសុពលភាព រយៈពេល ១០ថ្ងៃ -ទិញបណ្ណប្រភេទ ៧ថ្ងៃ អាចចូលទស្សនាបាន ១០ថ្ងៃមាន សុពលភាព រយៈពេល ១ខែ ។ ដោយឡែក សម្រាប់អ្នកវិនិយោគទុនអន្តរជាតិវិញ ដែលរស់នៅកម្ពុជាចាប់ពី២ឆ្នាំឡើង អាចទស្សនាអង្គរដោយមិនបាច់ទិញសំបុត្រនោះទេ។
សូមបញ្ជាក់ថា ខេត្តសៀមរាបនៅក្នុងរយៈពេល ៦ខែកន្លងមកនេះ ឆ្នាំ២០២២ នេះ ទទួលបានទេសចរអន្តរជាតិប្រមាណ ៦ម៉ឺននាក់ កើនឡើងក្នុងអត្រា ១០២៥% និងទទួលទេសចរផ្ទៃក្នុងប្រមាណជាង ១លាននាក់ កើនឡើងក្នុងអត្រា ៧៩៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះជើងហោះហើរមកកាន់ខេត្តសៀមរាប មានចំនួន ៣៨៧ជើង នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ។
ឈរលើស្មារតីនេះ ខេត្តសៀមរាបនឹងទទួលបានទេសចរអន្តរជាតិប្រមាណជាង ១០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២ នេះ ហើយនឹងកើនដល់ប្រមាណ ៥០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៣ ខាងមុខ ដោយនឹងស្រូបយក ១/៤ នៃភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា៕អត្ថបទ៖ ស៊ុម សុខជា


