វាយកូនគោល៖ អតីតកីឡាករវាយកូនគោលលំដាប់លេខ ១ ពិភពលោក Luke Donald ត្រូវបានប្រកាសតែងតាំងឱ្យធ្វើជាប្រធានក្រុម Ryder Cup អឺរ៉ុបជាផ្លូវការ ជំនួសកីឡាករស៊ុយអែត Henrik Stenson ដែលត្រូវបានបណ្តេញចេញ។ Henrik Stenson ត្រូវបានដកងារប្រធានក្រុមកាលពីចុងខែកក្កដាកន្លងទៅ បន្ទាប់ពីប្រកាសចូលរួមការប្រកួត LIV Golf Series របស់អារ៉ាប៊ីសាអ៊ូឌីតដែលជាសត្រូវរបស់ PGA Tour និង DP World Tour។

Stenson បានទទួលងាប្រធានក្រុម Ryder Cup អឺរ៉ុបត្រឹម ១២៧ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្រមព្រៀងចូលរួមក្របខណ្ឌវាយកូនគោល LIV របស់អារ៉ាប៊ីសាអ៊ូឌីត ដែលត្រូវបានគេដឹងថាមានកិច្ចសន្យាជាមួយនឹងកញ្ចប់ទឹកប្រាក់ដល់ទៅ ៤០លានផោន។ សំរាប់កីឡាករវ័យ ៤៤ឆ្នាំ Luke Donald គឺជាកីឡាករដែលធ្លាប់ចូលរួមការប្រកួត Ryder Cup ៤លើកនៅឆ្នាំ២០០៤ ២០០៦ ២០១០ និង ២០១២ និងធ្លាប់ជាអនុប្រធានក្រុម Ryder Cup អឺរ៉ុបពីរព្រឹត្តិការណ៍ចុងក្រោយ។
ជាមួយគ្នានោះដែរកីឡាករដាណឺម៉ាក Thomas Bjorn និងកីឡាករអ៊ីតាលី Edoardo Molinari នឹងនៅតែអនុប្រធានក្រុម Ryder Cup អឺរ៉ុបដដែល។ ព្រឹត្តិការណ៍វាយកូនគោល Ryder Cup ត្រូវបានរៀបចំឡើងជារៀងរាល់ពីរឆ្នាំម្តងរវាងក្រុមអាមេរិក និងអឺរ៉ុប។ ឆ្នាំ២០២៣ ខាងមុខ Ryder Cup នឹងធ្វើនៅទឹកដីអឺរ៉ុបនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី បន្ទាប់ពីឆ្នាំ២០២១ កន្លងទៅម្ចាស់ផ្ទះអាមេរិកគឺជាជើងឯកក្រោយយកឈ្នះអឺរ៉ុប ១៩-៩៕
អត្ថបទ៖នាង សុភាវុធ