កោះតៃវ៉ាន់៖ តាមការរាយការណ៍ កោះតៃវ៉ាន់បានដាក់កម្លាំងយោធារបស់ខ្លួនក្នុងការប្រុងប្រយ័ត្នខ្ពស់ ហើយបានលុបចោលការចាកចេញរបស់មន្ត្រី និងទាហានមួយចំនួន ខណៈដែលកោះនេះត្រៀមសម្រាប់សង្គ្រាមជាមួយប្រទេសចិន ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi។
យោងតាមសារព័ត៌មានកោះតៃវ៉ាន់បានឲ្យដឹងថា យោធាបានចល័តកងកម្លាំងការពារដែនអាកាសដើម្បីត្រៀមខ្លួនបន្ទាន់សម្រាប់សង្គ្រាម បន្ទាប់ពីសន្និសីទសារព័ត៌មានកម្រិតខ្ពស់មួយ។ ការត្រៀមខ្លួនធ្វើឡើងក្នុងពេលប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ធ្វើដំណើរមកកាន់ប្រទេសអាស៊ីចំនួន៤ ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់កោះតៃវ៉ាន់បានរាយការណ៍ថា លោកស្រី Pelosi នឹងមកដល់នៅយប់ថ្ងៃអង្គារនេះ ដោយនឹងក្លាយជាមន្ត្រីជាប់ឆ្នោតជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិក មកធ្វើទស្សនកិច្ចក្នុងរយៈពេលជាង 25ឆ្នាំមកនេះ។ ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកនឹងបង្កឱ្យប្រទេសចិនមានកំហឹង ដែលបានចាត់ទុកកោះតៃវ៉ាន់ជាដែនអធិបតេយ្យភាពរបស់ខ្លួន ហើយបានព្រមានជាបន្តបន្ទាប់អំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើដំណើរទស្សនកិច្ចនេះត្រូវបានរាយការណ៍ជាបន្ត។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថា អ្នកទាំងឡាយណាដែលលេងភ្លើងនឹងអន្តរាយដោយសារភ្លើង។ យើងសូមព្រមានសហរដ្ឋអាមេរិកជាថ្មីម្តងទៀតថា យើងត្រៀមខ្លួនយ៉ាងពេញលេញសម្រាប់ហេតុការណ៍ណាមួយ ហើយកងទ័ពរំដោះប្រជាជនចិននឹងមិននៅស្ងៀមឡើយ។ ប្រទេសចិនបានមើលឃើញទំនាក់ទំនងផ្លូវការរបស់អាមេរិកជាមួយកោះតៃវ៉ាន់ថា ជាការលើកទឹកចិត្តដើម្បីធ្វើឱ្យស្ថានភាពកាន់កាប់ជាក់ស្តែង នៅកោះដែលមានអាយុកាលរាប់ទសវត្សមកនេះមានឯករាជ្យភាពអចិន្ត្រៃយ៍ ជាជំហានមួយដែលមេដឹកនាំអាមេរិកនិយាយថា ខ្លួនមិនគាំទ្រទេ៕
អត្ថបទ៖ ប៊ុនថន