កំពង់ឆ្នាង ៖ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងបានថ្លែងថា ការសាងសង់ទំនប់អាងទឹកចាក់ទឹម និងការសាងសង់សំណង់សិល្បការ គឺមានតួនាទីសំខាន់ណាស់ ព្រោះទំនប់អាងទឹកចាក់ទឹម អាចមានលទ្ធភាពតំកល់ទឹកទុកសម្រាប់ប្រើប្រាស់លើការងារស្រោចស្រពបានតាមតម្រូវការលើផ្ទៃដីបង្ករបង្កើនផលស្រែវស្សាដែលមានស្រាប់ជាង១៥៣៣ហិកតា និងស្រែប្រាំង២៩៦ហិកតាជូនប្រជាពលរដ្ឋចំនួន០៨ភូមិ ក្នុងឃុំជៀប និងឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា៖ ក្រសួងធនធានទឹក និងឧតុនិយមបានសម្រេច និងកំពុងសាងសង់សំណង់ទ្វារទឹកដ៏ធំមួយដែលមាន(ទ្វារចំនួន១០), សាងសង់សំណង់លូជ្រុង(ទ្វារ១), ជួសជុលសំណង់ទ្វារទឹក(ទ្វារ៣) នៅលើទំនប់អាងទឹកចាក់ទឹម ស្ថិតក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ផលប្រយោជន៍ដែលទទួលបានពីការសាងសង់ទំនប់អាងទឹកចាក់ទឹម និងសាងសង់សំណង់សិល្បការ តាមការពិភាក្សារបស់ក្រុមការងារជាមួយអាជ្ញាធរដែនដីប្រចាំមូលដ្ឋានពាក់ព័ន្ធនៃការសាងសង់ទំនប់អាងទឹកចាក់ទឹម និងសាងសង់សំណង់សិល្បការទាំងនេះ គឺមានតួនាទីសំខាន់ណាស់ ព្រោះទំនប់អាងទឹកចាក់ទឹម អាចមានលទ្ធភាពតំកល់ទឹកទុកសម្រាប់ប្រើប្រាស់លើការងារស្រោចស្រពបានតាមតម្រូវការលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សាដែលមានស្រាប់ជាង១ពាន់ហិកតា និងអាចធ្វើស្រែប្រាំងបានជាង១០០ហិកតាជូនប្រជាពលរដ្ឋចំនួន០៨ភូមិ ក្នុងឃុំជៀប និងឃុំទួលខ្ពស់ ស្រុកទឹកផុស។ ម្យ៉ាងវិញទៀតប្រភពទឹកនេះ អាចយកមកស្រោចស្រពបន្ថែមលើការងារបង្កបង្កើនផលកសិកម្មដំណាំរួមផ្សំ និងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃថែមទៀតផង។
លោកបានបន្តថា៖ គម្រោងសាងសង់ទំនប់អាងទឹកចាក់ទឹម និងសាងសង់សំណង់សិល្បការតាមលក្ខណៈបច្ចេកទេស របស់ក្រសួងធនធានទឹក និងឧតុនិយម គឺជាឱកាសមួយដ៏ល្អប្រសើរសម្រាប់ជួយដល់ប្រជាកសិករក្នុងឃុំជៀប និងឃុំទួលខ្ពស់ ស្រុកទឹកផុស លែងព្រួយបារម្ភអំពីកង្វះទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីបង្ករបង្កើនផលលើដំណាំកសិកម្មរបស់ខ្លួន ព្រោះទំនប់អាងទឹកចាក់ទឹមនេះ អាចស្តុកទឹកទុកបានប្រមាណជាង១លានម៉ែត្រគូប និងមានដង្ហើមទឹកធ្លាក់ពីតំបន់ជួរភ្នំឱរ៉ាល់ខួបប្រាំងខួបវស្សា។
លោក ដោក ប៊ុនថុន បានបន្តថា៖ ទំនប់អាងទឹកចាក់ទឹម ជាទំនប់ចាស់សល់ពីជំនាន់ប៉ុលពត ហើយការសាងសង់នាពេលនោះមិនមានបច្ចេកទេសត្រឹមត្រូវ ធ្វើអោយទំនប់នេះត្រូវបានជំនន់ទឹកភ្លៀងហូរផ្តាច់នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ តែមិនបណ្តាលអោយប៉ះពាល់ដល់ស្រូវវស្សារបស់ប្រជាកសិករឡើយ។ ដោយសារខ្នងទំនប់អាងទឹកចាក់ទឹមជាផ្លូវចរាចរណ៍ទៅមករបស់អ្នកភូមិកោះខ្ទុម ឃុំជៀប ក្រសួងធនធានទឹក និងឧតុនិយម បានសាងសង់ស្ពានត្រង់ចំណុចទឹកហូរផ្តាច់ខ្នងទំនប់ដើម្បីអោយប្រជាពលរដ្ឋបានចរាចរណ៍ទៅមកវិញ ហើយក្រសួងក៏កំពុងធ្វើការជួសជុលទំនប់អាងទឹកទាំងអស់ឡើងវិញ ដើម្បីអោយមានភាពរឹងមាំ អាចស្តុកទឹកសម្រាប់តំរូវការប្រជាកសិករ ជាពិសេសជួយអោយប្រសើរឡើងដល់ជីវភាពបងប្អូនប្រជាកសិករចំនួន១៣៤៣គ្រួសារ រស់នៅក្នុងឃុំជៀប និងឃុំទួលខ្ពស់ ស្រុកទឹកផុស តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ ហុង វាស្នា






