ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានថ្លែងថា អាស៊ានធ្លាប់ជាតំបន់ប្រឈមនឹងបញ្ហាសន្តិសុខ ការអភិវឌ្ឍ តែពេលនេះអាស៊ានបានក្លាយទៅជាតំបន់សន្តិសុខ និងការអភិវឌ្ឍកើនឡើងជាបន្តបន្ទាប់។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្ដេចបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់អាស៊ាន ក៏ដូចជាដៃគូសន្ទនា ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាទាំងឡាយ ហើយដាក់ចេញជាសេចក្តីសម្រេចចិត្តនានាសម្រាប់មេដឹកនាំកំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា សម្រេចក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានោះ៕