ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានសម្តែងការខកចិត្ត និងមានកង្វល់យ៉ាងខ្លាំងចំពោះស្ថានការណ៍ដ៏អាក្រក់នៅប្រទេសមីយ៉ាន់ម៉ា ខណៈបច្ចុប្បន្នប្រទេសជាសមាជិកអាស៊ានមួយនេះ បានធ្លាក់ដុនដាប់ខ្លាំងជាងមុនកិច្ចព្រមព្រៀង ៥ចំណុចទៅទៀត បន្ទាប់ពីអនុវត្តទោសប្រហារជីវិតសកម្មជនគណបក្សប្រឆាំងចំនួន ៤រូប។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាក៏ដូចជារដ្ឋសមាជិកអាស៊ានទាំងអស់ខកចិត្ត និងរន្ធត់យ៉ាងក្រៃលែងចំពោះការប្រហារជីវិតសកម្មជនបក្សប្រឆាំង ៤រូបនៅប្រទេសមីយ៉ាន់ម៉ា បើទោះបីជាថ្នាក់ដឹកនាំប្រទេសដទៃទៀតមានការអំពាវនាវយ៉ាងណាក៏ដោយ។
សម្តេចតេជោ ក៏បានលើកឡើងផងដែរថា វិបត្តិនយោបាយ និងសន្តិសុខ បូករួមវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ ដែលទើបកើតមានឡើងនៅមីយ៉ាន់ម៉ា ដែលជាសមាជិករបស់អាស៊ាននេះ បានបង្កជាបញ្ហាប្រឈមដល់មជ្ឈភាព និងឯកភាពអាស៊ានព្រមទាំងបានបង្កឲ្យមានការរង្គោះរង្គើដល់ស្ថិរភាពតំបន់ផងដែរ៕ អត្ថបទ៖ បាន ចក់
