ត្បូងឃ្មុំ៖ កសិករគោលដៅចំនួន៧៥២គ្រួសារ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលដំណាំស្រូវរបស់ពួកគេរងការខូចខាតប្រមាណ៥៤២ហិចតា ដោយទឹកជំនន់ក្នុងឆាំ្ន២០២២នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ស្រូវពូជ ចំនួនជាង ៥៦តោន ដើម្បីជួយសម្រួលដល់ការស្តារការដាំដុះឡើងវិញ។
ឯកឧត្តម វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានជំរុញលើកទឹកចិត្តដល់កសិករខិតខំបន្តយកចិត្តទុកដាក់បង្កបង្កើនផលម្តងទៀត បើទោះជួបគ្រោះធម្ម ជាតិក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាល មិនបោះបង់ពួកគេចោលឡើយ។
ឯកឧត្ដម បានលើកឡើងក្នុងពិធីប្រគល់ និងផ្តល់ស្រូវពូជ ក្នុងឃុំដូនតី ស្រុកពញាក្រែក កាលពីថ្ងៃទី០៣ ខែសីហា ម្សិលមិញ។
បន្ទាប់ទទួលបានពូជស្រូវ កសិករក្នុងឃុំដូនតី បានបង្ហាញសប្បាយរីករាយ ដោយពួកគេអាចបន្តទៅបង្ក បង្កើនផលម្តងទៀត ដោយមិនចាំបាច់ចំណាយថវិកាទិញពូជស្រូវបន្ថែមទៀត។
ក្នុងរដូវវស្សាឆ្នាំនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ចាប់តាំងពីដើមខែឧសភាមក បង្កជាទឹកជំនន់ជន់លិចស្រូវ ដែលជាការឆ្លើយតបភ្លាមៗ អាជ្ញាធរ បានសហការជាមួយមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះ ត្រួតពិនិត្យ វាយតម្លៃផលប៉ះពាល់ និងខូចខាត ដោយឃើញថា ក្នុងឃុំដូនតី មានប្រជាកសិកររងគ្រោះ ចំនួន៧៥២ គ្រួសារ លើផ្ទៃជាង៥៤២ហិកតា ត្រូវការគ្រាប់ពូជ ចំនួន៥៦,៥៥០គីឡូក្រាម៕អត្ថបទ៖ ថុង សីហា