ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាជាតិ បានលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញលើកទី១០ ធ្វើឡើងស្របតាមលទ្ធិប្រជាធិបតេយ្យ ដើម្បីបម្រើផលប្រយោជន៍របស់ប្រទេសជាតិ និង ប្រជាជន ហើយព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងឲ្យយោបល់ នៅថ្ងៃស្អែកនេះ។
បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៤ ខែសីហា នេះ ឯកឧត្តម ម៉ម ប៊ុននាង បានបញ្ជាក់ថា ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ គឺធ្វើឡើងយ៉ាងត្រឹមត្រូវ ស្របតាមគោលការណ៍ និងនីតិវិធី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជារបបដឹកនាំប្រទេស តាមបែបរបបសភានិយម ព្រមទាំងជាការលើកកម្ពស់នូវគោលការណ៍ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រជាជនកម្ពុជាបង្ហាញឆន្ទៈ និងប្រើសិទ្ធិអំណាចរបស់ខ្លួន តាមរយៈការបោះឆ្នោត ស្របតាមគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និងបទដ្ឋានគតិយុត្តជាធរមានរបស់ជាតិ។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ដើម្បីបើកសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៤ ដើម្បីស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងារ របស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំព្រឹទ្ធសភា លើកទី៨ និងលើកទី៩ នីតិកាលទី៤ និងពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ទាំងបួននេះ៕ អត្ថបទ៖ បាន សុខរិទ្ធិ