ប៉ារ៉ាឡាំពិក៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវភាពកក់ក្ដៅ និងមានមោទនភាពជាខ្លាំង ក្រោយឃើញស្នាមញញឹមរបស់អត្តពលិកជនពិការកម្ពុជា ទោះបីពួកគេបាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាដោយឆន្ទៈ ស្មារតី និងការលះបង់គ្រប់បែបយ៉ាងដើម្បីដណ្ដើមមេដាយ និងកិត្តិយសជូនជាតិ។

ក្នុងនាមសមាជិកគណៈប្រតិភូ ក៏ដូចជាក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប ឯកឧត្តមបានសាទរ និងមានមោទនភាពចំពោះអ្វីដែលកីឡាករ-កីឡាការិនីកម្ពុជាសម្រេចបាន ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ។ អ្វីដែលអត្តពលិកជនពិការកម្ពុជាបានខិតខំប្រឹងប្រែង និងការត្រៀមខ្លួនតំណាងជាតិ និងប្រជាពលរដ្ឋប្រមាណ ១៧លាននាក់គឺបានសម្រេចនូវជោគជ័យជាបន្ដបន្ទាប់ ហើយឯកឧត្តមក៏គ្មានអ្វីក្រៅពីការសាទរ មោទនភាព និងកោតសរសើរចំពោះស្នាមញញឹម និងភាពជោគជ័យដ៏អស្ចារ្យនេះដែរ។ សូមបញ្ជាក់ថា ការលើកឡើងនេះ ស្របពេលឯកឧត្តម ហ៊ុន ម៉ានី កំពុងស្ថិតនៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដើម្បីគាំទ្រ និងលើកទឹកចិត្ដដោយផ្ទាល់ដោយកីឡាករ-កីឡាការិនីជនពិការកម្ពុជា ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ដែលបានចាប់ផ្ដើមការប្រកួត តាំងពីថ្ងៃទី៣០ ខែកក្កដា ហើយគ្រោងនឹងប្រារព្ធពិធីបិទការប្រកួតផ្លូវការនាថ្ងៃទី០៦ ខែសីហាស្អែក ខណៈប្រភេទកីឡាទាំងអស់នឹងត្រូវបញ្ចប់ការប្រកួតនៅថ្ងៃទី០៥ ខែសីហានេះ។

អ្វីដែលពិសេសគឺក្រុមអត្តពលិកជនពិការកម្ពុជា បានសម្រេចជោគជ័យជាប្រវត្តិសាស្ដ្រ ក្នុងការដណ្ដើមបានមេដាយដ៏ច្រើនលើសលុប បើធៀបនឹងការប្រកួតអាស៊ានប៉ារ៉ាហ្គេមមុនៗ បើគិតត្រឹមល្ងាចថ្ងៃទី០៤ ខែសីហា កម្ពុជាដណ្ដើមបានមេដាយសរុប ២៣គ្រឿងរួមមានមេដាយមាស ៦ ប្រាក់ ៨ និងសំរឹទ្ធ ៩ ហើយនៅសល់ ៣ប្រភេទកីឡាទៀត ដែលត្រូវបន្ដការប្រកួតនៅថ្ងៃសុក្រនេះ ក្នុងនោះក៏មានការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមបាល់បោះជិះរទេះជនពិការកម្ពុជា និងថៃលើវិញ្ញាសា ៥នាក់ទល់ ៥នាក់ដើម្បីប្រជែងមេដាយមាសផងដែរ៕ អត្ថបទ៖ លី ឈុនឡា

