បាល់ទាត់៖ ខ្សែការពារអេស្ប៉ាញ Sergio Ramos បានឈានចូលវ័យ ៣៥ឆ្នាំហើយកាលពីថ្ងៃអង្គារកន្លងទៅ តែអនាគតរបស់កីឡាករជើងចាស់រូបនេះនៅតែបន្តស្រពិចស្រពិល។ ខណៈកិច្ចសន្យារបស់គេ នឹងអស់សុពលភាពនៅដំណាច់រដូវកាលនេះជាមួយ Real Madrid កីឡាករវ័យ ៣៥ឆ្នាំរូបនេះនៅមិនទាន់មាន ការចរចាលើកិច្ចសន្យាថ្មីរបស់ខ្លួននៅឡើយ ហើយការចរចាទុកជាមុនជាមួយក្លិបផ្សេងក៏មិនមានទៅទៀត។

កន្លងទៅ Real Madrid បានព្យាយាមចរចាជាមួយកីឡាករវ័យ ៣៥ឆ្នាំរូបនេះលើកិច្ចសន្យាថ្មីដែលនឹងមានថ្លៃពលកម្មមួយឆ្នាំជាង ១២លានអឺរ៉ូ តែសំណើនោះត្រូវបានបដិសេធដោយ Ramos។ ក្លិបជើងឯកអេស្ប៉ាញមួយនេះ បានសំរេចរួចរាល់ក្នុងការបន្តកិច្ចសន្យា ១ឆ្នាំជាមួយ Luka Modric តែបរាជ័យក្នុងការចរចាមួយ Ramos និង Lucas Vazquez។ ជាមួយគ្នានោះដែរក៏មានពាក្យចចាមអារ៉ាមពីទ្រនំថ្មីរបស់ Sergio Ramos ផងដែរ ដែលក្នុងនោះមានក្លិបធំពីរចង់បានកីឡាករវ័យ ៣៥ឆ្នាំរូបនេះរួមមាន Manchester City និង Paris Saint Germain។ រំលឹកថា Sergio Ramos បានចំណាយពេលជាមួយ Real Madrid តាំងពីឆ្នាំ២០០៥ ផ្ទេរពី Sevilla ដោយបង្ហាញខ្លួនសរុបបាន ៤៦៩ប្រកួត និងរកបានដល់ទៅ ៧២គ្រាប់ទោះជាខ្សែការពារ៕
អត្ថបទ៖នាង សុភាវុធ