ចិន៖ ប្រមុខការទូតរបស់ចិនបានស្ដីបន្ទោសដំណើរទស្សនកិច្ច របស់ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ថា ជារឿងមិនត្រឹមត្រូវទាល់តែសោះ ដោយព្រមានថា អ្នកទាំងឡាយដែលបង្ករឿងប្រឆាំងនឹងទីក្រុងប៉េកាំងនឹងត្រូវប្រឈមផលវិបាកធ្ងន់ធ្ងរ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្រៅកិច្ចប្រជុំ នៅក្នុងព្រះរាជាណាចក្រកម្ពុជានៅសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានរិះគន់ដំណើរខ្វះការពិចារណារបស់លោកស្រី Pelosi ទៅកាន់កោះនេះដោយចាត់ទុកជាដំណើរបង្ករឿង ខណៈដែលក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃដែនដីរបស់ខ្លួន។ លោកថា នេះជារឿងជ្រុលហួសហេតុក្រោមលេសប្រជាធិបតេយ្យ។ សហរដ្ឋអាមេរិកកំពុងរំលោភលើអធិបតេយ្យភាពរបស់ចិន ដោយបន្ថែមថា សកម្មភាពបំពារបំពានទាំងនេះនឹងមិនផ្លាស់ប្ដូរ ការឯកភាពជាអន្តរជាតិលើគោលការណ៍ចិនតែមួយ ហើយក៏ជានិន្នាការប្រវត្តិសាស្ត្រមិនអាចវិលថយក្រោយ គឺកោះតៃវ៉ាន់នឹងត្រូវវិលត្រឡប់មករកមាតុភូមិរបស់ខ្លួនវិញ។
ក្រុងប៉េកាំងក៏បានឆ្លើយតបផងដែរ ដោយការធ្វើសមយុទ្ធយោធាដ៏ធំសម្បើមមិនធ្លាប់មាននៅជុំវិញកោះនេះ ដែលត្រូវបានរាយការណ៍ថា រាប់បញ្ចូលទាំងសមយុទ្ធរួមបិទផ្លូវ ការវាយប្រហារនៅក្នុងសមុទ្រ និងដីគោក និងការហ្វឹកហាត់ប្រឆាំងការវាយប្រហារតាមអាកាស ព្រមទាំងបង្ហាញអាវុធទំនើបៗរបស់ចិន ដូចជាមីស៊ីល្បឿនលឿងជាងសំឡេង DF-17 មុននេះចិននិយាយថា មីស៊ីលបាលីស្ទីក Dongfeng ចំនួន ១១គ្រាប់របស់ចិនត្រូវបានបាញ់ចូលទៅក្នុងដែនទឹកជុំវិញកោះនេះ។ ពេលវេលាចុងក្រោយដែលចិនបានបាញ់មីស៊ីល ចូលទៅក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់គឺនៅឆ្នាំ១៩៩៦៕
អត្ថបទ៖ សុខមាន