បាល់ទាត់៖ ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ២០២១ ចំនួន ៦គូក្នុងសប្ដាហ៍ទី៤ និងសប្ដាហ៍ទី៥ ដែលបានលើកពេល និងគ្រោងប្រកួតនៅថ្ងៃទី០៣-០៤ ខែមេសាចុងសប្ដាហ៍នេះត្រូវបានពន្យាពេលជាថ្មីទៀតហើយ បន្ទាប់ពីមានការស្នើសុំ និងឯកភាពរបស់ក្លិបពាក់ព័ន្ធ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

ចំពោះកម្មវិធីប្រកួតសប្ដាហ៍ទី៤ ដែលបានលើកពេលនេះរួមមានជំនួបជើងទី២ រវាងខេត្តកែប ជួបខេត្តកោះកុង, ខេត្តកំពង់ចាមជួបខេត្តស្វាយរៀង, ខេត្តព្រះសីហនុជួបខេត្តកំពត, ក្រុមភ្នំពេញហ្គាឡាក់ស៊ីជួបខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺជួបខេត្តតាកែវ។ រីឯការលើកពេល ១ប្រកួតក្នុងសប្ដាហ៍ទី៥ គឺជំនួបរវាងខេត្តត្បូងឃ្មុំជាមួយខេត្តព្រះវិហារ។ ប៉ុន្ដែគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC នៅមិនទាន់កំណត់កាលបរិច្ឆេទប្រកួតថ្មី បន្ទាប់ពីធ្វើការលើកពេលនេះនៅឡើយទេ។ យោងតាមការលិខិត របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC បានបញ្ជាក់ថា ការលើកពេលនេះគឺយោងតាមការស្នើសុំ និងឯកភាពគ្នារវាងក្លិបជាប់ពាក់ព័ន្ធ ក៏ដូចជាយោងតាមស្ថានភាពជាក់ស្ដែងនៃជំងឺកូវីដ-១៩ នៅតែបន្ដរីករាលដាលក្នុងសហគមន៍ មិនទាន់មានភាពធូរស្រាលនៅឡើយ ពិសេសនៅភ្នំពេញ និងតាមតំបន់ នៃបណ្ដាខេត្តមួយចំនួន ក៏ដូចជាដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ ទើបគណៈកម្មការសម្រេចលើកការប្រកួតទាំង ៦គូនេះតែម្ដង។
គួរបញ្ជាក់ថា ដោយសារការអូសបន្លាយនៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានធ្វើឲ្យកម្មវិធីប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន វគ្គជម្រុះតាមខេត្តត្រូវបានអូសបន្លាយដែរ ដ្បិតការប្រកួតជាច្រើនត្រូវបានលើកពេលជាបន្ដបន្ទាប់ ដោយប្រកួតខ្លះលើកពេលម្ដង ខ្លះលើកពេល ២ដងដើម្បីកាត់បន្ថយការរីករាលដាល និងឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ។ ទន្ទឹមជាមួយគ្នា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ក៏បានអំពាវនាវឲ្យបណ្ដាក្លិបទាំងអស់គោរពវិធានការផ្សេងៗរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាសកលនេះផងដែរ៕
អត្ថបទ៖ លី ឈុនឡា