កំពត៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា ក្រោយស្ថានភាពការឆ្លងជំងឺកូវីដ-១៩ល្អប្រសើរ សកម្មភាពវិស័យទេសចរណ៍ក្នុងខេត្តកំពត ចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ ។ បច្ចុប្បន្ន ក្នុង១សប្តាហ៍ មានភ្ញៀវក្នុងរង្វង់ ៣ម៉ឺននាក់ ទៅលេងខេត្តកំពត ហើយសេវាទេសចរណ៍ ត្រូវបានរៀបចំបន្ថែមច្រើន ព្រោះ សេវករ រំពឹងថា ភ្ញៀវទេសចរ នឹងកាន់តែមកកម្សាន្តច្រើនបន្ថែមទៀត។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានឲ្យដឹងថា អំឡុងពេលរីករាលដាល ជំងឺកូវីដ-១៩ វិស័យទេសចរណ៍ខេត្ត បានធ្លាក់ចុះស្ទើរស្មើសូន្យ ប៉ុន្តែសកម្មភាពអភិវឌ្ឍន៍វិស័យនេះ នៅតែបន្ត។ បច្ចុប្បន្ន ខេត្តកំពត មានរមណីយដ្ឋានទេសចរណ៍ចំនួន២១កន្លែង សហគមន៍ទេសចរណ៍ ចំនួន០៤ កន្លែង គោលដៅទាក់ទាញទេសចរណ៍ ចំនួន០៤កនែ្លង និងបោះតង់ ចំនួន០៥។ ក្នុងនោះ មានរមណីយ ដ្ឋានវប្បធម៌-ប្រវត្តិសាស្ត្រ ០៥កន្លែង, វប្បធម៌ ០២កន្លែង, ធម្មជាតិ ១៤កន្លែង។ រមណីយដ្ឋានទេសចរណ៍ កើនឡើងចំនួន០៤កន្លែង។
ចំណែកសេវាស្នាក់នៅ ក៏មានការកើនឡើងដែរ ពិសេសបន្ទប់បឹងហ្គាឡូ ដែល កាលពី២០១៩ មានចំនួន៤០០បន្ទប់ ឥឡូវកើនដល់៩០០បន្ទប់ ហើយបន្ទប់សណ្ឋាគារ ក៏កើនផងដែរ។
លោកបានបញ្ជាក់ថា សកម្មភាពវិស័យទេសចរណ៍ នៅក្នុង៦ខែដើមឆ្នាំនេះ ទទួលបានភ្ញៀវ ជាង ១លាននាក់ ។
ម្ចាស់បឹងហ្គាឡូស្ពានរថភ្លើង បានឲ្យដឹងថា កន្លែងរបស់លោក ចាប់ផ្តើមមានភ្ញៀវចូលសម្រាក ច្រើនឡើងវិញ ហើយលោកបានបន្ថែមសេវារមួយចំនួន ដូចជាគ្រោងបើកម្ហូបអាហារ ហាងកាហ្វេ សេវា ជួលម៉ូតូទឹក និងទូកទេសចរណ៍ ជាដើម ។
ខេត្តកំពត មានតំបន់ទាក់ទាញទេសចរ ៤តំបន់ផងដែរ គឺតំបន់ចំការម្រេច តំបន់ស្រែអំបិល តំបន់ដងព្រែក និងតំបន់បោះតង់នៅខាងលិចក្រុងកំពត៕អត្ថបទ៖ អន សារឹម