វាយកូនគោល៖ កីឡាការិនីជប៉ុន Hinako Shibuno បានធ្វើការនាំមុខគេបណ្តោះអាសន្ន ក្រោយការប្រកួតថ្ងៃដំបូងនៃពានរង្វាន់វាយកូនគោលកម្មវិធីធំរបស់នារី The Open Championship។

Hinako Shibuno ដែលជាអតីតជើងឯកកាលពីឆ្នាំ២០១៩ ធ្វើបាន Birdies នៅបីឡូដំបូងមុនបញ្ចប់ការប្រកួតថ្ងៃដំបូងជាមួយនឹងពិន្ទុ ៦អាន់ឌើផា ៦៥។ កីឡាការិនីអាមេរិក Jessica Korda ឈរលេខ២ បណ្តោះអាសន្នផងដែរមាន ៥អាន់ឌើផាតាមពីក្រោយអ្នកនាំមុខ ១ស្ត្រូក ខណៈកីឡាការិនីស្កុតឡេន Louise Duncan ឈរលេខ៣ មាន ៤អាន់ឌើផា។
សូមបញ្ជាក់ថា Open Championship ជាកម្មវិធីវាយកូនគោលធំប្រចាំឆ្នាំចុងក្រោយគេក្នុងឆ្នាំនេះ។ កញ្ចប់ប្រាក់រង្វាន់ឆ្នាំមុនគឺ ៥.៨លានដុល្លារអាមេរិក ខណៈឆ្នាំនេះមានការបង្កើនប្រាក់រង្វាន់ ២៦% ដល់ ៧.៣លានដុល្លារ ដោយជើងឯកទទួលបានប្រាក់រង្វាន់ជាង ១លានដុល្លារ។ ឆ្នាំ២០២១ កន្លងទៅកីឡាការិនីវ័យ ៣៤ឆ្នាំស៊ុយអែត Anna Nordqvist គឺជាជើងឯកដោយទទួលបានប្រាក់រង្វាន់ ៨៧ម៉ឺនដុល្លារ៕
អត្ថបទ៖នាង សុភាវុធ