កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានរិះគន់ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi នៅថ្ងៃសៅរ៍នេះ ចំពោះការគាំទ្រការរារាំងប្រទេសកូរ៉េខាងជើង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ។

លោកស្រី Pelosi និងសមភាគីកូរ៉េខាងត្បូងប្រធានរដ្ឋសភាជាតិលោក Kim Jin-pyo បានប្តេជ្ញាថា នឹងសម្រេចឲ្យបានការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង អំឡុងពេលលោកស្រីធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង បន្ទាប់ពីលោកស្រីបានបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ការលើកឡើងរបស់លោកស្រី Pelosi គឺជាផ្នែកមួយនៃផែនការរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ។
លោក Jo Yong Sam អគ្គនាយកនាយកដ្ឋានព័ត៌មានក្រសួងការការបរទេសកូរ៉េខាងជើងនិយាយថា លោកស្រី Pelosi កំពុងព្យាយាមបង្ហាញពីគោលនយោបាយបង្កជម្លោះ របស់សហរដ្ឋអាមេរិកប្រឆាំងកូរ៉េខាងជើង និងគាំទ្រការបង្កើតអាវុធរបស់អាមេរិក។ លោកស្រី Pelosi ជាអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពអន្តរជាតិដ៏អាក្រក់បំផុត ដែលបានធ្វើឲ្យប្រជាជនចិនមានកំហឹងចំពោះដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កោះតៃវ៉ាន់៕
អត្ថបទ៖ ប៊ុនថន