ភ្នំពេញ៖ ក្រសួងបរិស្ថាន ក្នុងឆ្នាំ២០២១-២០២២ បានផ្តល់រថយន្តដឹកសំរាម សំណល់រឹង ចំនួន ៥៨គ្រឿង ឡដុតសំរាម ៦០គ្រឿង ម៉ូតូកង់បី ១១៨គ្រឿង និងសម្ភារគាំទ្រជាច្រើន ជូនដល់រដ្ឋបាលក្រុង ស្រុក អង្គភាព និងប្រតិបត្តិករមួយចំនួន ដើម្បីពង្រឹងភាពជាម្ចាស់ នៃការគ្រប់គ្រងសំរាមសំណល់ទីប្រជុំជនប្រកបដោយនិរន្តរភាព ។
យោងតាមបណ្ដាញហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ បានឲ្យដឹងថា មធ្យោបាយ និងសម្ភារទាំងអស់នោះ បាននិងកំពុងត្រូវប្រើប្រាស់ ចូលរួមសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាម សំណល់រឹងនៅទូទាំងប្រទេស ក្នុងគោលបំណងរួមគ្នាគាំទ្រការរស់នៅស្អាត ភូមិឋានស្អាត ក៏ដូចជាការឆ្លើយតបនឹងគោលនយោបាយ ច្បាប់ បទដ្ឋានគតិយុត្ត និងទស្សនវិស័យ របស់រាជរដ្ឋាភិបាល ។
ក្រសួងបន្តថា ការផ្ដល់នេះ នឹងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព សំដៅបាននូវសោភ័ណភាព កិច្ចគាំពារបរិស្ថាន សុខភាពសាធារណៈ និងបរិស្ថាន ក៏ដូចជារួមចំណែកធ្វើឱ្យភូមិ ឃុំ សង្កាត់ កាន់តែមានបរិស្ថានស្អាត ការរស់នៅប្រកបដោយផាសុកភាព សុខុមាលភាព និងសោភ័ណភាព ទាក់ទាញ ស្របទៅនឹងកំណើននគរូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចដ៏ឆាប់រហ័ស ។
ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន បានផ្តល់ការបណ្តុះបណ្តាល ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើបច្ចេកទេស ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង និងគម្រោងរៀបចំទីលានចាក់សំរាម តាមខ្នាតបច្ចេកទេសផងដែរ ។
ក្នុងនោះរដ្ឋបាលក្រុង ស្រុកមួយចំនួន បាននិងកំពុងអនុវត្តគោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បានល្អប្រសើរ និងមួយចំនួនទៀត កំពុងឈានឆ្ពោះ ទៅរកការគ្រប់គ្រងសំរាម សំណល់រឹង ប្រកបដោយប្រសិទ្ធភាព ក្នុងពេលអនាគតខាងមុខ ដើម្បីឈានទៅធ្វើភាពជាម្ចាស់ នៃការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន ប្រកបដោយនិរន្តរភាព ៕ អត្ថបទ៖ បាន សុខរិទ្ធិ











