ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំអនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍លើកទី១ នៃគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ នាថ្ងៃទី០៨ ខែសីហាម្សិលមិញនេះ ក្រុមមន្ត្រីបានពិភាក្សារួមគ្នាជម្រុញបង្កើតកញ្ចប់ទស្សនកិច្ចអង្គរសៀមរាបតម្លៃពិសេស ក្នុងនោះក៏នឹងជម្រុញរៀបចំបណ្ណចូលទស្សនាអង្គរពេញមួយជីវិតសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។
បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា ក្រសួងទេសចរណ៍កំពុងសិក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដាក់ចេញនូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសសម្រាប់ខេត្តសៀមរាប ហើយនឹងសិក្សាស្នើសុំការពិនិត្យ និងសំរេចពីរាជរដ្ឋាភិបាលលើសំណើមួយចំនួននេះនៅពេលឆាប់ៗ។
ឯកឧត្តម បន្តថា នៅក្នុងការបង្កើតកញ្ចប់ទស្សនាអង្គរតម្លៃពិសេសនេះ ក្រុមការងារអនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរទស្សនាសៀមរាបអង្គរនោះ បានឯកភាពរួមគ្នានឹងលើកសំណើរចំនួន៤ដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេចរួមមាន៖១. បង្កើតបណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិត (Angkor Life time Pass) ដែលនឹងមានជាជម្រើសក្នុងការគិតគូរលក់ជាកញ្ចប់បណ្ណទស្សនា (Angkor Pass Package) ហើយអាចឱ្យទេសចរអន្តរជាតិទស្សនាតំបន់ប្រាសាទ ឬតំបន់ផ្សេងៗទៀតពេញមួយជីវិត ឬការលក់បណ្ណជាទម្រង់កញ្ចប់ទស្សនកិច្ចអាទិភាព ដែលអនុញ្ញាតឱ្យទេសចរអន្តរជាតិអាចមានសិទ្ធិអាទិភាពក្នុងការប្រើប្រាស់សេវាកម្មទេសចរណ៍និងចូលទស្សនារមណីដ្ឋានអង្គរពេញមួយជីវិត ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាច្រើនដង។ ទី២ . ការដោះស្រាយថ្លៃសំបុត្រទូកទេសចរណ៍តំបន់ចុងឃ្នៀសសម្រាប់ទេសចរជាតិ។ ទី៣. ការជំរុញការតភ្ជាប់ជើងហោះត្រង់ពីកោះត្រល់ មកកាន់ខេត្តសៀមរាប។ និងទី៤. ការជំរុញប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលលក់សំបុត្រ តម្លៃ ទាប នៅកម្ពុជា។
ឯកឧត្តម ថោង ខុន បន្តថា តាមរយៈការបង្កើតកញ្ចប់ទេសចរណ៍នេះ នឹងរួមចំណែកជំរុញចលនាទេសចរទៅទស្សនានៅខេត្តសៀមរាប ពិសេសគឺការត្រៀមចាប់ផ្តើមបើកឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) និងត្រៀមការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជា ឆ្នាំ២០២៣ខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម រដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍ឲ្យក្រុមការងាររួមគ្នាដាក់បញ្ចូលការបង្កើតព្រឹត្តិការណ៍និងផលិតផលទេសចរណ៍ថ្មីៗដែលទាក់ទាញទេសចរ ការពង្រឹងសុវត្ថិភាព គុណភាព សេវាកម្ម អនាម័យ ការស្តារនិងពង្រឹងឡើងវិញនូវគុណភាពធនធានមនុស្សផ្នែកជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច និងការពង្រឹងអនាម័យ សណ្តាប់ធ្នាប់ទីក្រុងជាដើម៕ អត្ថបទ ស៊ុមសុខជា




