កំពង់ចាម៖ ទឹកទន្លេមេគង្គកំពង់ចាម ឆ្នាំនេះមានការហក់ឡើងយឺត ហើយបច្ចប្បន្នអ្នកភូមិដែលរស់នៅតំបន់ងាយគ្រោះដោយសារទឹកជំនន់នោះ បានត្រៀមលក្ខណៈជួសជុលមធ្យោបាយធ្វើដំណើរដូចជាទូក កាណូត ជាដើម។
ពលរដ្ឋរស់នៅភូមិកោះថ្មី នៃឃុំកោះសូទិន ស្រុកកោះសូទិន ដែលជាតំបន់រងគ្រោះដោយទឹកជំនន់ បានលើកឡើងថា ឆ្នាំនេះទឹកទន្លេហក់ឡើងយឺត ប៉ុន្ដែ អ្នកភូមិពួកគេបានត្រៀមជួសជុល ទូក កាណូត ដើម្បីឆ្លងទៅត្រើយម្ខាង ប្រសិនបើទឹកជន់លិចភូមិ។ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ គឺតែងតែត្រៀមលក្ខណៈ ទុកមុន ជាពិសេសនោះគឺមធ្យោបាយធ្វើដំណើរ មានទូក កាណូត សាឡាង និងត្រៀមចំនីសត្វចិញ្ចឹមមានស្មៅ ចំបើងជាដើម។
សូមជម្រាបជូនថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ទំនាប ឬងាយរងគ្រោះដោយទឹកជំនន់ បានលើកការព្រួយបារម្ភថា បើទឹកទន្លេឡើងតូចដូចឆ្នាំទៅ គឺពួកគាត់ជួបការលំបាក ក្នុងការងារបង្កបង្កើនផលផងដែរ។
យោងតាមរបាយការណ៍ របស់មន្ទីរធនធានទឹក ខេត្តកំពង់ចាមសព្វថ្ងៃ កម្ពស់ទឹកទន្លេមេគង្គបានឡើងសន្សឹមៗ មិនដល់កម្រិតដែលត្រូវប្រកាសអាសន្នសម្រាប់ខេត្តកំពង់ចាម-ត្បូងឃ្មុំ គឺកម្ពស់ ១៥.២០សង់ទីម៉ែត្រឡើយ៕ អត្ថបទ៖ ថុង សីហា