រុស្ស៊ី៖ ក្រសួងការបរទេសរុស្ស៊ីនៅក្នុងទីក្រុង Moscow បាននិយាយកាលពីថ្ងៃអង្គារថា ការដាក់ពង្រាយអាវុធបរមាណូរបស់សហរដ្ឋអាមេរិកនៅលើដែនដី នៃបណ្ដាប្រទេសជាសមាជិកសម្ព័ន្ធណាតូដែលគ្មាននុយក្លេអ៊ែរ ប្រឆាំងនឹងសន្ធិសញ្ញាមិនរីកសាយអាវុធបានបង្កើនហានីភ័យកាន់តែខ្លាំងនៃការផ្ទុះជម្លោះ និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងដកហូត។
នេះគឺជាសាររបស់គណៈប្រតិភូរុស្ស៊ីផ្ញើទៅកាន់សន្និសីទ របស់អង្គការសហប្រជាជាតិស្ដីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរនៅក្នុងទីក្រុង New York។ លោក Igor Vishnevetsky អនុប្រធានសម្រាប់ការមិនរីកសាយភាយអាវុធ និងការគ្រប់គ្រងអាវុធនៅក្រសួងការបរទេសរុស្ស៊ីបាននិយាយថា សម្ព័ន្ធយោធាណាតូបានប្រកាសខ្លួនឯងដោយបើកចំហរថាជាសម្ព័ន្ធភាពនុយក្លេអ៊ែរ។ មានអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកជាច្រើន នៅលើដែនដីរបស់រដ្ឋជាសមាជិកដែលគ្មាននុយក្លេអ៊ែរនៅក្នុងប្លុកនេះ។ លោក Vishnevetsky បានបន្ថែមថា ផ្ទុយទៅនឹងមាត្រាទី១ និងទី២ នៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធ សមាជិកមួយចំនួនរបស់សម្ព័ន្ធយោធាដែលគ្មានអាវុធនុយក្លេអ៊ែរ កំពុងចូលរួមក្នុងការសាកល្បងសមត្ថភាពនៃការប្រើប្រាស់អាវុធបរមាណូ។
សកម្មភាពទាំងនោះមិនត្រឹមតែបន្តក្លាយជាកត្តាដ៏សំខាន់ ដែលកំពុងប៉ះពាល់ជាអវិជ្ជមានដល់សន្តិសុខអន្តរជាតិ និងអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងបង្កើនហានីភ័យខ្ពស់នៃការផ្ទុះជម្លោះនុយក្លេអ៊ែរ និងបន្ទច់បង្អាក់ដល់កិច្ចខិតខំប្រឹងប្រែងនានាក្នុងដំណើរការរំសាយនុយក្លេអ៊ែរ។ បច្ចុប្បន្នកងកម្លាំងអាកាសរបស់សហរដ្ឋអាមេរិកមានគ្រាប់បែកនុយក្លេអ៊ែរប្រមាណ ១៥០គ្រាប់នៅតាមមូលដ្ឋាននានារបស់សម្ព័ន្ធណាតូ ដូចជានៅអ៊ីតាលី អាល្លឺម៉ង់ ទួរគី បែលហ្ស៊ិក និងហូឡង់៕
អត្ថបទ៖ សុខមាន