
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានរបស់សារព័ត៌មានមួយ ឈ្មោះ Khmer Mekong News ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតញុះញង់បំបែបបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា និងធ្វើឲ្យមានការវឹងវរនៅក្នុងសង្គមធ្វើឲ្យប៉ះពាល់ទៅដល់ស្ថេរភាព និងសន្តិភាពរបស់ប្រទេសជាតិ និងបានប្តឹងទៅសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់ ចំពោះសារព័ត៌មានមួយនេះដែលបានផ្សាយព័ត៌មានប្រឌិតខុសពីការពិត។
ការបដិសេធរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃបានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន Khmer Mekong News បានផ្សព្វផ្សាយថា សម្តេចក្រឡាហោម ស ខេង ប្រើកងកម្លាំងរបស់ខ្លួនទប់ស្កាត់រដ្ឋប្រហារផ្ទៃក្នុងបក្ស , ឯកឧត្តម ហ៊ុន ម៉ាណែត ភិនភ័យរត់ទៅវៀតណាមពឹងពាក់ការពារអំណាច៕

