UN៖ អង្គការសហប្រជាជាតិនិយាយថា សកម្មភាពដឹកជញ្ជូន នាំចូល និងនាំចេញពីកំពង់ផែអ៊ុយក្រែនគឺជាជំហានសំខាន់ ក្នុងការជួយដល់ការផ្គត់ផ្គង់ស្បៀងអាហារដែលត្រូវការខ្លាំង។ អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយកាលពីថ្ងៃអង្គារថា វាមានសារៈសំខាន់ខ្លាំងដែលនាវាអាចនាំចេញគ្រាប់ធញ្ញជាតិបាន ដោយមិនគិតពីទិសដៅទៅទីណានោះទេ ព្រោះការពិតវាកំពុងផ្លាស់ប្តូរធ្វើឱ្យតម្លៃស្បៀងអាហារទូទាំងពិភពលោកធ្លាក់ចុះ។
នាវាមួយគ្រឿងក្នុងចំណោមនាវាដែលបានចាកចេញពីអ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងដើម្បីបើកការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ និងទប់ទល់វិបត្តិស្បៀងអាហារពិភពលោកបានមកដល់ប្រទេសទួរគី ជានាវាដឹកទំនិញដំបូងគេដែលបានទៅដល់គោលដៅរបស់ខ្លួន។ ពេលនេះនាវាចំនួន 12គ្រឿងផ្សេងទៀតត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរ តាមកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរវាងអ៊ុយក្រែន និងរុស្ស៊ីដែលត្រូវបានសម្របសម្រួលដោយទួរគី និងអង្គការសហប្រជាជាតិដោយ 10គ្រឿងនាំចេញ និងពីរគ្រឿងនាំចូល។ ផលិតផលកសិកម្មប្រហែល 322,000តោនបានចាកចេញពីកំពង់ផែអ៊ុយក្រែនភាគច្រើនជាផលិតផលពោត ប៉ុន្តែក៏មានប្រេងផ្កាឈូករ័ត្ន និងសណ្តែកផងដែរ។
ទោះជាយ៉ាងណា នាវាដឹកទំនិញដំបូងគេដែលចាកចេញពីអ៊ុយក្រែន បានចាកចេញពីកំពង់ផែ Odesa កាលពីថ្ងៃទី1 ខែសីហាបានជាប់គាំងក្នុងការចែកចាយ ដែលស្ថានទូតអ៊ុយក្រែននៅទីក្រុង Beirut បាននិយាយថា នាវាដឹកទំនិញទៅកាន់ប្រទេសលីបង់ដោយមានផ្ទុកពោតចំនួន 26,000តោន អ្នកទិញបានបដិសេធមិនទទួលយកទំនិញនោះទេ ដោយសារវាត្រូវបានដឹកជញ្ជូនយឺតជាងកិច្ចសន្យារបស់ខ្លួន៕
អត្ថបទ៖ ប៊ុនថន