ភ្នំពេញ៖ រាជរដ្ឋាភិបាល និងក្រុមហ៊ុន EnerCam Resources មកពីប្រទេសកាណាដា នឹងចុះកិច្ចព្រមព្រៀងស្វែងរុករកប្រេងកាតនៅតំបន់ដែនគោក ដើម្បីសិក្សាស្វែងរុករកធនធានប្រេងកាតជាលើកដំបូងនៅកម្ពុជា។
ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត លើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល នៅទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២ នេះថា ទាក់ទងនិងការសិក្សាស្រាវជ្រាវប្រេងកាតនៅកម្ពុជា សម្រាប់នៅដែនគោកមាន ១៩ ប្លុក ដែលបានកំណត់ជាតំបន់សិក្សាស្រាវជ្រាវរកធនធានប្រេងកាត, រហូតមកដល់ពេលនេះ ក្រសួងមិនទាន់បានរកឃើញថា មានធនធានប្រេងកាតដែលមានលក្ខណៈពាណិជ្ជកម្មនៅតំបន់ណាមួយនៅឡើយ។
ឯកឧត្តម បន្តថា ជុំវិញការសិក្សារុករកប្រេងកាតតំបន់ដែនគោកនេះ កន្លងមកមានក្រុមហ៊ុនចុះសិក្សាជាបន្តបន្ទាប់ ក្នុងនោះទើបតែ មានក្រុមហ៊ុន EnerCam Resources មកពីប្រទេសកាណាដា ដែលនឹងចុះកិច្ចព្រមព្រៀមជាមួយក្រសួងរ៉ែ និងថាមពល នៅតំបន់ប្រេងកាតប្លុក ទី៨ ក្នុងពេលឆាប់ៗខាងមុខ ដើម្បីចាប់ផ្តើមធ្វើការសិក្សា ស្វែងរុករកធនធានប្រេងកាតដំបូងរបស់ខ្លួន នៅលើផ្ទៃក្រឡាប្រមាណ ៥ ០០០ គីឡូម៉ែត្រការ៉េ ដែលមានទីតាំងនៅបាសាំង កំពង់សោម នៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា។
ឯកឧត្តម ជៀប សួរ បានបង្ហាញឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៥ មកពីប្រទេសផ្សេងៗគ្នាដូចជា៖ ប្រទេសចិន ម៉ាឡេស៊ី កាហ្សាក់ស្តង់ កាណាដា និងមកពីប្រទេសថៃជាដើម បានកំពុងចាប់អារម្មណ៍អំពីការវិនិយោគលើវិស័យប្រេងកាតនៅកម្ពុជា ដោយស្ថិតនៅក្នុងការពិនិត្យជំហានដំបូងនៅឡើយ លើគម្រោងសិក្សាលទ្ធភាពនៃការវិនិយោគប្រេងកាតនៅប្លុក A និងប្លុកប្រេងកាតផ្សេងៗទៀតរបស់កម្ពុជាផងដែរ។
សូមបញ្ជាក់ថា កម្ពុជាមានតំបន់ប្លុកប្រេងកាតសម្រាប់ធ្វើការសិក្សាស្រាវជ្រាវ ទាំងនៅដែនសមុទ្រ និងដែនគោក សរុបមានចំនួន ២៥ កន្លែង សម្រាប់ដែនសមុទ្រមានចំនួន ៦ ប្លុក និងនៅដែនគោក មានចំនួន ១៩ ប្លុក៕អត្ថបទ៖ សុន រ៉ាឌី
