កំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់នឹងសហគមន៍” ដោយប្រមូលថវិកាបានប្រមាណជាង ២០ម៉ឺនដុល្លារ។
ក្នុងពិធីនេះ មានការចូលរួមពីលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, ឯកឧត្តម អ៊ុក រ៉ាប៊ុន ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត, ឯកឧត្តម ជា ហន រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា ឆ្នាំនេះសាខាកាកបាទក្រហមកម្ពុជាខេត្ដកំពង់ឆ្នាំង ទទួលបានទឹកប្រាក់ប្រមាណជាង ២០ម៉ឺនដុល្លារនៅក្នុងឱកាសប្រារព្ធខួបទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២២។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទំាងអស់ ដែលបានគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដោយបានជួយឧបត្ថម្ភជាទឹកប្រាក់ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ។ ក្នុងនាមប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តមបានប្តេជ្ញាយកថវិកាទំាងនេះ ទៅជួយឱ្យចំគោលដៅនៃការលំបាករបស់បងប្អូនប្រជាពលរដ្ឋជាជនរងគ្រោះដូចជា ជនចាស់ជរា កុមារកំព្រា ស្រ្តីមេម៉ាយមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ អ្នកមានជំងឺរាំរ៉ៃ ជាពិសេស គឺជួយជនរងគ្រោះនៅពេលជួបនូវគ្រោះធម្មជាតិ ឧបទ្ទវហេតុផ្សេងៗ ដោយមិនបានប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថា៖ ការប្រារព្ធខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់នឹងសហគមន៍” ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីបញ្ហាប្រឈមជាសាកលនៃចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដើម្បីកៀរគររកមូលនិធិ ដែលជាប្រភពធនធានសម្រាប់ធ្វើប្រតិបត្តិការមនុស្សធម៌ ។ សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា នៅតែបន្តគោលដៅរួមចំណែកយ៉ាងសកម្ម លើកទឹកចិត្តខ្ពស់ដល់កិច្ចប្រតិបត្តិការនានា នៅក្នុងបុព្វហេតុមនុស្សធម៌ ជាពិសេសការជួយសំរាលទុក្ខលំបាករបស់បងប្អូនប្រជាជន ដែលទទួលរងនូវគ្រោះថ្នាក់ដោយសារគ្រោះមហន្តរាយផ្សេងៗ ចាស់ជរាឥតទីពឹង កុមារកំព្រា ស្រ្តីមេម៉ាយមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ អ្នកមានជំងឺរាំរ៉ៃ ហើយកំពុងត្រូវការនូវជំនួយសង្រ្គោះបន្ទាន់ ជាពិសេស គឺយើងកំពុងរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩បន្តទៀត៕ អត្ថបទ៖ ហុង វាស្នា





