ចិន៖ អ្នកនាំពាក្យទីបញ្ជាការសម្របសម្រួលភាគខាងកើត របស់កងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយកាលពីថ្ងៃពុធថា ទីបញ្ជាការសម្របសម្រួលភាគខាងកើតបានបញ្ចប់ដោយជោគជ័យ នូវកិច្ចការផ្សេងៗនៅជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីប្រតិបត្តិការសឹកមិនធ្លាប់មានជាច្រើនថ្ងៃកន្លងទៅនេះ។

ទីបញ្ជាការសម្របសម្រួលភាគខាងកើតបានរៀបចំសមយុទ្ធហ្វឹកហាត់រួមគ្នា នៅក្នុងតំបន់ដែនសមុទ្រភាគខាងជើង ភាគនិរតី និងភាគអាគ្នេយ៍ឆ្នេរសមុទ្រកោះតៃវ៉ាន់ និងដែនអាកាសដែលបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយនៅច្រកសមុទ្រតៃវ៉ាន់ និងការសាកល្បងមីស៊ីលនៅក្នុងដែនទឹកភាគខាងកើតឆ្នេរសមុទ្រកោះតៃវ៉ាន់។ សមយុទ្ធនេះផ្តោតសំខាន់លើការទប់ស្កាត់ និងគ្រប់គ្រងរួម ការវាយលុកតាមសមុទ្រ ការវាយប្រហារលើដីគោក ប្រតិបត្តិការគ្រប់គ្រងដែនអាកាស ប្រតិបត្តិការប្រឆាំងនាវាមុជទឹករួម និងការដឹកជញ្ជូនការផ្គត់ផ្គង់រួមគ្នាឡើងវិញ។ យុទ្ធោបករណ៍ថ្មីៗមួយចំនួនដូចជាយន្តហោះចម្បាំងបំបាំងកាយ ឧបករណ៍បាញ់គ្រាប់រ៉ុក្កែត និងយន្តហោះចាក់បំពេញប្រេង YU-20 បានចូលរួមនៅក្នុងសមយុទ្ធនេះ។

សមយុទ្ធរយៈពេលជាច្រើនថ្ងៃជុំវិញកោះតៃវ៉ាន់ គឺដើម្បីឆ្លើយតបទៅនឹងការឈប់ចតក្នុងដំណើរទស្សនកិច្ច របស់ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi នៅកោះរបស់ប្រទេសចិនកាលពីថ្ងៃអង្គារសប្តាហ៍មុន។ កាលពីពេលថ្មីៗនេះ ទីបញ្ជាការសម្របសមម្រួលភាគខាងកើត បានរៀបចំប្រតិបត្តិការសឹករួមគ្នាជាបន្តបន្ទាប់ ដែលរួមមានប្រភេទអង្គភាពសេវាកម្ម និងកងកម្លាំងផ្សេងៗនៅក្នុងដែនសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់។ លោក Shi Yi អ្នកនាំពាក្យទីបញ្ជាការសម្របសម្រួលភាគខាងកើត របស់កងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយថា កងកម្លាំងសម្របសម្រួលនឹងបន្តតាមដានយ៉ាងដិតដល់ នូវការផ្លាស់ប្តូរស្ថានភាពនៅច្រកសមុទ្រកោះតៃវ៉ាន់ បន្តអនុវត្តការហ្វឹកហ្វឺន និងត្រៀមប្រយុទ្ធ រៀបចំការល្បាតត្រៀមប្រយុទ្ធជាប្រចាំក្នុងទិសដៅច្រកសមុទ្រតៃវ៉ាន់ និងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៕
អត្ថបទ៖ ប៊ុនថន