រុស្ស៊ី៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu កាលពីថ្ងៃពុធបានប្រគល់រង្វាន់រដ្ឋខ្ពស់បំផុតដល់មន្ត្រីរុស្ស៊ី ដែលបានបង្ហាញវីរភាពក្នុងអំឡុងប្រតិបត្តិការសឹកពិសេសនៅអ៊ុយក្រែន។ លោក Shoigu បាននិយាយថា ខ្ញុំសូមអបអរអ្នកដោយអស់ពីចិត្ត ហើយសូមជូនពរឱ្យអ្នកវិលត្រលប់មកប្រទេសវិញដោយសុវត្ថិភាព។

មេដាយផ្កាយមាសគឺជារង្វាន់រដ្ឋរបស់ប្រទេសរុស្ស៊ីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ1992 ជាសិញអមដោយងារវីរៈបុរសសហព័ន្ធរុស្ស៊ី។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymr Zelenskyy បាននិយាយកាលពីថ្ងៃពុធថា លោកជឿថា រយៈពេលនៃជម្លោះនៅក្នុងប្រទេសរបស់លោក នឹងផ្អែកលើចំនួននៃការគាំទ្របន្ថែមទៀតដែលទីក្រុងគីវនឹងទទួលបានពីប្រទេសនានា។ នៅក្នុងសុន្ទរកថាលោក Zelenskyy និយាយថា អាវុធរបស់យើងមានអានុភាពកាន់តែខ្លាំង ហើយកម្លាំងប្រើប្រាស់របស់វាកាន់តែធំ សង្គ្រាមដ៏ឃោរឃៅនេះនឹងបញ្ចប់កាន់តែឆាប់។ លោកសង្ឃឹមថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៅទីក្រុង Copenhagen ប្រទេសដាណាម៉ាកនៅថ្ងៃព្រហស្បតិ៍នេះ នឹងសន្យាផ្តល់ជំនួយបន្ថែមទៀតដល់អ៊ុយក្រែន។
លោក Zelenskyy និយាយថា ការគាំទ្របន្ថែមទៀតសម្រាប់រដ្ឋរបស់យើងនៅក្នុងសង្គ្រាមនេះ រួមទាំងអាវុធនឹងត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំ។ លោក Zelenskyy និយាយថា លោកបានពិភាក្សាជាមួយប្រធានាធិបតីប្រទេសហ្គាណា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ ដើម្បីពិភាក្សាអំពីសន្តិសុខស្បៀង៕
អត្ថបទ៖ ប៊ុនថន