ភ្នំពេញ៖ ដោយសង្កេតឃើញថា បញ្ញាសិប្បនិមិ្មត (Artificial Intelligence) ហៅកាត់ថា អេអាយ (AI) កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រនិងជំរុញកំណើនសេដ្ឋកិច្ច និងកសាងសង្គមឌីជីថលនៅកម្ពុជា សាកលវិទ្យាល័យខេមតិច សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង AI-Cambodia បានរៀបចំវេទិកាសំខាន់មួយ ស្តីពីបញ្ញាសិប្បនិមិ្មត និងសង្គម នៅរាជធានីភ្នំពេញ។
វេទិកាស្តីពី បញ្ញាសិប្បនិមិ្មត និងសង្គម បានប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពីអ្នកតំណាងមកពីក្រសួងពាក់ព័ន្ធ សាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន និងសិស្ស និស្សិត ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍ និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងគោលដៅល្អៗ។
ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីស្តីទីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅក្រោយអង្គវេទិកាថា វេទិកានេះរៀបចំឡើងក្នុងយន្តការជាកត្តាលិករជំរុញការពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីប្រមើមើលកាលានុវត្តភាព និងដោះស្រាយបញ្ហាចម្បងមួយចំនួនមាន ដូចជាឯកជនភាព សនិ្តសុខនិងសុវត្ថិភាព ការអប់រំ សុខភាព ទីផ្សារការងារ ការអភិវឌ្ឍឧស្សាហកម្ម និងការបង្កើនជំនាញ ឬបង្កើតជំនាញថ្មីសម្រាប់យុគសម័យឌីជីថល។
លោក យឹម ប្រសិទ្ធីឬទ្ធិ នាយកប្រតិបតិ្ត នៃក្រុមហ៊ុន Quantum Engineering and Manufacturing បានលើកឡើងថា បច្ចេកវិទ្យាមួយនេះ ស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ដំបូង និងទាមទារឱ្យបន្តការអភិវឌ្ឍដើម្បីឲ្យវានៅតែអាចមានសមត្ថភាពជំរុញនវានុវត្តន៍ និងការលូតលាស់ផ្នែកសេដ្ឋកិច្ច។ ក្នុងន័យនេះហើយ បានជាការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ត្រូវបានចាត់ទុកជារបៀបវារៈ និងគោលនយោបាយចម្បងរបស់ប្រទេសមួយចំនួនធំ។
វេទិកានេះថា ដើម្បីពិនិត្យមើលទិដ្ឋភាពនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាទូទៅ នៅកម្ពុជានា ពេលបច្ចុប្បន្ន និងនិន្នាការអនាគត និងឥទិ្ធពលនៃបច្ចេកវិទ្យាមួយនេះទៅលើសង្គមទាំងមូល ព្រមទាំងបង្ហាញ ពីគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល សម្រាប់ការលើកកម្ពស់ និងពង្រឹងការអភិវឌ្ឍបច្ចេក វិទ្យាក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០៕
អត្ថបទ៖ បូរ៉ាវី






