តេក្វាន់ដូ៖ សមាជិកក្រុមជម្រើសជាតិតេក្វាន់ដូ WT កម្ពុជា ឈុន សុខឡុង បានបង្ហើបថា ខ្លួននៅតែរក្សាក្ដីស្រម៉ៃចង់ដណ្ដើមមេដាយមាសជូនជាតិសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ពិសេសស៊ីហ្គេមឆ្នាំ២០២៣ ទោះបីឱកាសបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយក៏ដោយ។
ការលើកឡើងនេះ បន្ទាប់ពីខ្លួនខកខានឱកាសប្រជែងមេដាយមាសនៅស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កាលពីថ្មីៗ ដោយសារការរបួសជង្គង់អំឡុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយត្រូវបង្ខំចិត្តបោះបង់ការប្រកួត និងទទួលបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ។ សុខឡុង ថា មកទល់ពេលនេះស្ថានភាពរបួសរបស់ខ្លួនមានភាពល្អប្រសើរ បន្ទាប់ពីធ្វើការវះកាត់ភ្លាមៗ និងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ។ កីឡាករវ័យ ២២ឆ្នាំរូបនេះបន្ដថា ក្រោយវះកាត់រួច ខ្លួនត្រូវសម្រាកព្យាបាលយ៉ាងហោច ៦ខែ តែជាង ២ខែកន្លងមកនេះរូបគេបានត្រឡប់ចូលហ្វឹកហាត់ពង្រឹងសាច់ដុំជាបណ្ដើរៗ ពោលគឺធ្វើយ៉ាងណាព្យាបាលឲ្យជាសះស្បើយទាន់ស៊ីហ្គេមឆ្នាំ២០២៣ ដើម្បីសម្រេចក្ដីស្រម៉ៃដែលខ្លួនប៉ងចង់ដណ្ដើមមេដាយមាសជូនជាតិ ពិសេសលើទឹកដីរបស់ខ្លួននេះតែម្ដង។
ឈុន សុខឡុង បានបន្ថែមថា ក្នុងដំណាក់កាលស្រពេចស្រពិលនេះ ខ្លួនមិនទាន់គិតអ្វីច្រើនក្រៅពីការខំព្យាបាលរបួស និងប្រឹងប្រែងហ្វឹកហាត់តាមការណែនាំនោះទេ តែប្រសិនបើលក្ខខណ្ឌចាំបាច់ដែលខ្លួនមិនអាចចូលរួមប្រកួតស៊ីហ្គេមឆ្នាំ២០២៣ រូបគេនឹងប្ដូរពីតួនាទីជាកីឡាករមកជាអ្នកផ្ដល់យោបល់ឲ្យមិត្តរួមក្រុមវិញ ពោលគឺធ្វើយ៉ាងណាឲ្យតែបានរួមចំណែកក្នុងបេសកកម្មស្វែងរកមេដាយជូនជាតិ ក៏គេសប្បាយចិត្តដែរ។ គួរដឹងថា កីឡាករ ឈុន សុខឡុង ត្រូវបានធ្វើការវះកាត់ភ្លាមៗនៅប្រទេសវៀតណាម បន្ទាប់ពីពិនិត្យឃើញដាច់សរសៃជង្គង់អំឡុយការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាយណូកាលពីខែឧសភាកន្លងទៅ។ ក្រោយត្រឡប់មកដល់កម្ពុជាវិញ រូបគេត្រូវបានដានតានយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, គណៈកម្មាធិការជាតិ CAMSOC និងសហព័ន្ធផ្ទាល់ ដើម្បីលើកទឹកចិត្តក្នុងការព្យាបាលរបួសរូបគេឲ្យឆាប់ជាសះស្បើយ និងត្រៀមខ្លួនចូលរួមប្រកួតស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជានាពេលខាងមុខ ៕
អត្ថបទ៖ លី ឈុនឡា