ភ្នំពេញ៖ ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយផ្ទុយពីការពិត បានវាយប្រហារមកលើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានរម្លឹកដល់សមាជិក-សមាជិការទាំងអស់ត្រូវទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងវាយបកទៅវិញឲ្យបានរហ័ស ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំ។ ការរម្លឹកនេះធ្វើឡើងនៅក្នុងសិក្ខាសាលាមួយនៅព្រឹកនេះ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អមដំណើរដោយឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខានៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន និងថ្នាក់ដឹកនាំមួយចំនួនទៀតនៅព្រឹកថ្ងៃទី១៣ ខែសីហានេះបានចូលរួមជាអធិបតីភាពបើកសិក្ខាសាលាស្ដីពី "ការចែករំលែក និងការផ្លាស់ប្ដូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជននៅក្នុងបរិបទឌីជីថល’’។ សិក្ខាសិលានេះធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលមានសិក្ខាកាមមកពីគ្រប់រចនាសម្ព័ន្ធគណបក្សប្រមាណជាង ៧០០នាក់។ នៅក្នុងឱកាសខាងលើនោះ ជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ស្ថានភាពនយោបាយបច្ចុប្បន្នរបស់ប្រទេសកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពល្អ និងអំណោយផល ដែលតាំងពីឆ្នាំ២០១៨ មកគណបក្សប្រជាជនកម្ពុជាបានក្តាប់នូវអំណាចពេញដៃទាំងស្រុង ក្នុងការដឹកនាំប្រទេស ចាត់ចែងកិច្ចការផ្ទៃក្នុង រៀបចំកំណែទម្រង់ផ្សេងៗ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យកាន់រីកចម្រើន ហើយលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីខែមិថុនាកន្លងទៅនេះក៏បានបង្ហាញថា ប្រជាជនភាគច្រើនបានគាំទ្រ ជឿជាក់ ទុកចិត្តមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា។
លោកជំទាវបន្តថា ការពង្រឹងសមត្ថភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថលជាពិសេសប្រព័ន្ធបណ្តាញព័ត៌មានសង្គមដែលមានលក្ខណៈងាយស្រួល និងលឿនរហ័សទាំងក្នុងការផ្សព្វផ្សាយ និងចែកចាយបន្ត គឺមានសារៈសំខាន់មិនគួរមើលរំលងដើម្បីឈានទៅពង្រីកវិសាលភាព នៃការផ្សព្វផ្សាយមហាជនឱ្យកាន់តែទូលាយក្នុងមជ្ឈដ្ឋានមហាជន ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធនេះក្នុងការពន្យល់បកស្រាយ និងឆ្លើយតបបកភ្លាមៗលើការវាយប្រហារផ្សេងៗឱ្យមានភាពរស់រវើក និងទាន់សភាពការណ៍ ដើម្បីបញ្ជ្រាបឱ្យប្រជាជនយល់ច្បាស់អំពីភាពត្រឹមត្រូវ ការយកចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ ដោះស្រាយបញ្ហាសង្គមនានា សំដៅរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍនៃប្រទេសជាតិលើគ្រប់វិស័យ។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខានៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ដែរថា ដោយសង្កេតឃើញពីភាពចាំបាច់ក្នុងការសិក្សាស្រាវជ្រាវ វាយតម្លៃសមរភូមិសតិអារម្មណ៍ និងសិក្សាពីវិធីសាស្ត្រក្នុងឆ្លើយតបដែលអាចផ្តល់ជាធាតុចូលដល់គណបក្ស គណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលមានលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធានបានសម្រេចកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្នុងការបង្កើតក្រុមការងាប្រមូលព័ត៌មាន វាយតម្លៃ និងឆ្លើយតបសតិអារម្មណ៍មហាជនចំណុះឲ្យគណៈចលនាមហាជន មានភារៈកិច្ចសំខាន់ៗជាមួយភាគីពាក់ព័ន្ធ ដើម្បីវាយតម្លៃពីសភាពការណ៍សតិអារម្មណ៍មហាជន សហការតាមដានសកម្មភាពមជ្ឈដ្ឋានប្រឆាំងនោះ ដើម្បីជំរុញឆ្លើយតបតាមករណីជាក់ស្តែង ក៏ដូចជាការចូលរួមជាមួយយន្តការគណបក្សគ្រប់ជាន់ថ្នាក់ ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយនៃសម្មតិផល និងគុណូបការៈរបស់គណបក្សប្រជាជនកម្ពុជា។
គួរបញ្ជាក់ដែរថា ការរៀបចំសិក្ខាសាលាខាងលើមានគោលបំណងសំខាន់ចំនួន ៤ រួមមាន៖ ទី១. ធ្វើបច្ចុប្បន្នភាពស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងស្វែងយល់អំពីតួនាទីរបស់ការងារផ្សព្វផ្សាយ និងសាធារណមតិ ទី២. ចែករំលែកអំពីវិធីសាស្ត្រនៃការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល ទី៣. បង្កើតឱកាសជួបជុំ និងពង្រីកការទំនាក់ទំនងជាមួយអង្គការចាត់តាំង និងយន្តការផ្សព្វផ្សាយនានារបស់គណបក្ស ជាពិសេសដើម្បីពង្រឹងប្រសិទ្ធភាពភាពប្រទាក់ក្រឡាគ្នាទាំងយន្តការនានានៅថ្នាក់កណ្តាល និងរវាងទំនាក់ទំនងរវាងយន្តការថ្នាក់កណ្តាលជាមួយថ្នាក់មូលដ្ឋាន និងទី៤. បង្កើតឱកាសបានរៀនសូត្រពីគ្នាទៅវិញទៅមកដកស្រង់ទស្សនៈ ចែករំលែកបទពិសោធន៍ និងស្វែងយល់ពីការផ្សព្វផ្សាយនៅតាមមូលដ្ឋាននីមួយៗ និងពីតម្រូវការ៕ អត្ថបទ៖ ទូច សោភ័ណ




