ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈខេត្តចំនួន៨ នៅក្នុងព្រះរាជាណាចក្រកម្ពុជា អាចនឹងប្រឈមជំនន់ទឹកភ្លៀងសារជាថ្មី។ នេះបើយោងតាមសេចក្ដីជូនដំណឹងដែលទទួលបាននៅថ្ងៃនេះ។
សេចក្ដីជូនដំណឹងបានបញ្ជាក់ថា យោងតាមការវិវត្តជាក់ស្តែង នៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញជ្រលងសម្ពាធទាបឥណ្ឌា នឹងរំកិលធ្លាក់ចុះជាមួយនឹងប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយនៅ ភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាប ស្ថិតនៅក្នុងសមុទ្រ ចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្ហូរ។
លក្ខណៈបែបនេះនឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ភ្លៀងនឹងបន្តធ្លាក់ក្នុងសភាពជាលក្ខណៈឡូកាល់ ស្ទើរគ្រប់ទីកន្លែងជាបន្តបន្ទាប់ ក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើ ។
ស្ថានភាពបែបនេះ អាចធ្វើបណ្តាឲ្យតំបន់ផ្ទៃរងទឹកភ្លៀង និងបណ្តាខេត្តមួយចំនួនដែលកន្លងមក ទទួលបាននូវបរិមាណទឹកភ្លៀងបង្គួរ និងច្រើនរួចមកហើយ នឹងបន្ថែមបរិមាណកើនឡើងទៀត ដែលជាហេតុបង្កើតឡើងនូវជំនន់ទឹកភ្លៀងសារជាថ្មី មានជាអាទិ៍ ៖ ខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង ខេត្តឧត្តរមានជ័យ៕
