ភ្នំពេញ៖ ការគ្រប់គ្រងសវនកម្មបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ នឹងធ្វើឲ្យអង្គភាពប្រមូលចំណូលរបស់រាជរដ្ឋាភិបាល អាចប្រមូលចំណូលចូលថវិកាជាតិបានច្រើន និងមានប្រសិទ្ធភាព ដើម្បីឲ្យកម្ពុជាសម្រេចបានតាមចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ។

ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីការគ្រប់គ្រង និងការអនុវត្តសវនកម្មនៅកម្ពុជាថា ពាក់ព័ន្ធសវនកម្មនេះ ចំពោះរោងចក្រ សហគ្រាស អត់រកប្រាក់ចំណេញក៏ដោយ ក៏ត្រូវការបញ្ជីគណនេយ្យ, ការចុះបញ្ជីគណនេយ្យមានសំខាន់ណាស់ ដើម្បីការកត់ត្រាប្រតិបត្តិការរាល់ពេលវេលា រាល់ថ្ងៃ ក្នុងនោះមុននឹងចុះបញ្ជីគណនេយ្យបាន យើងត្រូវប្រមូលរៀបចំបញ្ជីហិរញ្ញវត្ថុ និងធ្វើសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុទាំងនោះ ជាអ្វីដែលយើងចុះប្រតិបត្តិការ បន្ទាប់មកអ្នកសវនកម្ម នឹងវាយតម្លៃទៅលើរបាយការណ៍ហិរញ្ញវត្ថុនោះលើស្ថានភាពជាក់ស្ដែង ប្រសិនបើមានបញ្ហា អ្នកសវនកម្មអាចស្នើដល់ភាគីក្រុមហ៊ុន រោងចក្រ សហគ្រាស អាជីវកម្មនានា ដើម្បីឲ្យគាត់អនុវត្តលើចំនុចខ្វះខាតទាំងឡាយ ក្នុងគោលដៅកែសម្រួលឲ្យបានល្អប្រសើរឡើងវិញ ។
ឯកឧត្តម បន្តថា ពាក់ព័ន្ធនឹងសវនកម្មនេះ កម្ពុជាមានចំណុចខ្វះខាតច្រើន ដោយកម្ពុជាទើបតែបានអនុវត្តច្បាប់ តែរាជរដ្ឋាភិបាលធ្វើបច្ចុប្បន្នភាពច្បាប់នេះជាបន្តបន្ទាប់ រហូតមកដល់ឆ្នាំ ២០២២ នេះ។ ទាក់ទងសវនកម្មនេះ ប្រទេសមានការអភិវឌ្ឍមួយចំនួនបានអនុវត្តច្បាប់រាប់រយឆ្នាំ ហើយមានប្រទេសខ្លះបានអនុវត្តជាប់ជាង៣០០ឆ្នាំក៏មាន ។ ទោះបីយ៉ាងណា កម្ពុជាក៏អនុវត្តច្បាប់នេះបានបន្តិចម្ដងៗ ដើម្បីប្រមូលចំណូលពីសហគ្រាសសម្រាប់សេដ្ឋកិច្ចសង្គម ក្នុងនោះក្រសួងហិរញ្ញវត្ថុ និងហិរញ្ញវត្ថុ បានខិតខំប្រឹងប្រែងកែសម្រួល ដើម្បីប្រមូលចំណូលសម្រាប់ជាតិ ក្រោមដំបូលនៃការការចង្អុលបង្ហាញ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីអនុវត្តឲ្យមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។ ចំណែកចំពោះវិស័យឯកជន ប្រសិនបើយើងអនុវត្តឱ្យបានត្រឹមត្រូវ ក្នុងនោះក្រុមហ៊ុន រោងចក្រ សហគ្រាស នឹងទទួលបានរបាយការណ៍ជាក់លាក់ ពិតប្រាកដ នឹងអាចទទួលបានហិរញ្ញវត្ថុនានាដោយរលូន សម្រាប់កិច្ចដំណើរការអាជីវកម្មរបស់ខ្លួន ។
ឯកឧត្តម ងី តាយី បញ្ជាក់ថា សារៈសំខាន់នៃការអនុវត្តសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ គឺជាការវាយតម្លៃ វាស់វែង ឬថ្លឹងថ្លែងលើផ្នែកបច្ចេកទេសនៃគណនីផង និងច្បាប់សារពើពន្ធផង ដោយគ្រប់ផ្នែកចូលជារបាយការណ៍តែមួយ ទៅលើភាពត្រឹមត្រូវ ឬមិនត្រឹមត្រូវ ប្រសិនមានលក្ខណៈមិនស្របច្បាប់ ក្រុមហ៊ុន រោងចក្រសហគ្រាសអាចពិចារណា ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព។ ចំពោះសវនកម្មនេះប្រសិនបើក្រុមហ៊ុនបានអនុវត្តលើចំនុច ៣ ដែលបានកំណត់ដោយច្បាប់ ឬបានចំនួនពីរចំណុច ក្រុមហ៊ុននោះនឹងអាចធ្វើសវនកម្មបាន, ការអនុវត្តសវនកម្ម គឺជាការចាំបាច់ណាស់សម្រាប់ក្រុមហ៊ុន ចងក្រងជារបាយការណ៍ ដោយរបាយការណ៍នេះដ៏មានសារៈសំខាន់សម្រាប់កិច្ចដំណើរការក្នុងអាជីវកម្ម ឬក៏ការទទួលបានហិរញ្ញប្បទានផ្សេងៗ ដើម្បីអភិឌ្ឍន៍ផែនការរបស់ខ្លួន៕ អត្ថបទ៖ សុន រ៉ាឌី