ស្វាយរៀង៖ សមាគមក្រុមគ្រូពេទ្យសហគមន៍ឱសថការី មកពីប្រទេសបារាំង ប្រមាណជាង១០នាក់ ដឹកនាំដោយ ឯកឧត្តម ម៉ក់ សារុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីថ្ងៃទី១៤ ខែសីហាម្សិលមិញ បានចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋឥតគិតថ្លៃ ប្រមាណជាង៥០០នាក់ នៅឃុំគគីសោម ស្រុកស្វាយទាប ។
លោកស្រីវេជ្ជបណ្ឌិតប្រធានសមាគម បានឲ្យដឹងថា ការពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ នៅ ស្រុកស្វាយទាប បានធ្វើឡើងរយៈពេល១ថ្ងៃពេញ ដោយក្រុមគ្រូពេទ្យឯកទេស បានពិនិត្យ និងព្យាបាល ជំងឺបេះដូង ជំងឺទូទៅ និងជំងឺកុមារ ។
ឯកឧត្តម ម៉ក់ សារ៉ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយទាប ជួសមុខឲ្យពលរដ្ឋ បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យសមាគមឱសថការីប្រទេសបារាំង ដែលបាន ចុះជួយពិនិត្យ និងព្យាបាលជំងឺពលរដ្ឋនៅតំបន់ជនបទក្នុងខេត្តស្វាយរៀង ដែលជាការរួមចំណែកក្នុងការ លើកកម្ពស់សុខុមាលភាពរបស់ពលរដ្ឋ និងកុមាររបស់កម្ពុជា។
ឯកឧត្តម បានអំពាវនាវដល់ពលរដ្ឋ ឱ្យបន្តអនុវត្តវិធានសុខាភិបាល ៣ការពារ និង ៣កុំ បន្ថែម ទៀត ពិសេសត្រូវនាំគា្នទៅចាក់វ៉ាក់សាំង ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការទប់ទល់នឹងជំងឺ កូវីដ-១៩ ដែលកំពុងតែកម្រើកឡើងវិញហើយនោះ៕ អត្ថបទ៖ ភា សារិត