អ៊ុយក្រែន៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmitry Kuleba បានអះអាងក្នុងកិច្ចសម្ភាសន៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា ប្រទេសមួយចំនួននៅលោកខាងលិចកំពុងរង់ចាំឲ្យទីក្រុង Kiev ចុះចាញ់ ហើយគិតថា បញ្ហារបស់ពួកគេនឹងត្រូវបានដោះស្រាយចប់រួចរាល់ភ្លាមៗ នៅពេលរឿងនោះកើតឡើង។

លោក Kuleba បាននិយាយថា តែងតែមានគេសួរខ្ញុំជាញឹកញាប់នៅក្នុងបទសម្ភាសន៍ និងខណៈដែលខ្ញុំនិយាយទៅកាន់បណ្ដារដ្ឋមន្ត្រីការបរទេសផ្សេងទៀតថា តើអ្នកនឹងបន្តបានយូរប៉ុណ្ណា? ជំនួសឲ្យការសួរថា តើពួកគេត្រូវធ្វើអ្វីទៀតដើម្បីជួយយើងយកឈ្នះលោក Putin ក្នុងពេលដ៏ខ្លីបំផុតតាមដែលអាចធ្វើទៅបាន ដោយគូសបញ្ជាក់ថា សំណួរបែបនេះបង្ហាញថា អ្នកគ្រប់គ្នាកំពុងរង់ចាំឲ្យយើងដួលរលំ ហើយបញ្ហាទាំងឡាយរបស់ពួកគេនឹងរលាយបាត់ដោយខ្លួនឯង។ រដ្ឋមន្ត្រីការបរទេសរូបនេះចង់បញ្ជាក់ថា បណ្ដាប្រទេសលោកខាងលិចមួយចំនួនត្រៀមខ្លួន ទទួលយកការចុះចាញ់របស់អ៊ុយក្រែនក្នុងជម្លោះយោធាដែលកំពុងបន្តជាមួយរុស្ស៊ី និងយល់ព្រមឲ្យកាត់ទឹកដីមួយចំនួនឲ្យទៅរុស្ស៊ី ជាអ្វីមួយដែលក្រុង Kiev បានទទូចដដែលៗថា គ្មានថ្ងៃដែលអ៊ុយក្រែនយល់ព្រមឡើយ។
លោកប្រធានាធិបតីអ៊ុយក្រែន Zelensky បានថ្កោលទោសដដែលៗពីសកម្មភាពរបស់បណ្ដាប្រទេសមួយចំនួន របស់លោកខាងលិចលើដំណោះស្រាយសន្តិភាពចំពោះជម្លោះនេះ ដោយមិនគិតពីផលប្រយោជន៍របស់ក្រុង Kiev ដែលបានបញ្ជាក់កាលពីខែមិថុនាថា អ្នកគ្រប់គ្នាចង់ជំរុញយើងឲ្យទទួលបានលទ្ធផល ដែលមិនមែនជាក្ដីប្រាថ្នារបស់យើងទាល់តែសោះ ខណៈដែលពួកគេស្វែងរកតែផលប្រយោជន៍ហិរញ្ញវត្ថុ និងនយោបាយសម្រាប់តែខ្លួនឯង៕
អត្ថបទ៖ សុខមាន