
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា ទោះបីបច្ចុប្បន្ននេះ ពិភពលោកកំពុងមានភាពចម្រូងចម្រាស ទាក់ទងនឹងបញ្ហាជាច្រើន ប៉ុន្តែកម្ពុជាមានភាពជោគជ័យ ដោយបានអញ្ជើញបណ្ដាប្រទេសជាមិត្តចូលកៅអីនិយាយគ្នា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំមួយចំនួនទៀត នាពេលកន្លងទៅថ្មីៗនេះ រួមទាំងមានចេញសេចក្តីថ្លែងការណ៍មួយយ៉ាងល្អ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិតជាអរគុណ និងរីករាយខ្លាំងណាស់ ចំពោះការប្រជុំអាស៊ាន ការប្រជុំជាមួយដៃគូពាក់ព័ន្ធ ដែលមានទាំងវេទិកាតំបន់អាស៊ាន និងអាស៊ីបូព៌ា ដែលប្រទេសជាច្រើនបានមកជួបជុំគ្នានៅក្នុងរាធានីភ្នំពេញ និងកោតសរសេរចំពោះអាជ្ញាធរ ដែលបានការពារភ្ញៀវប្រកបដោយសុវត្ថិភាព ។
សម្ដេចបានបន្តថា សូមកោតសរសេរចំពោះរដ្ឋមន្ត្រីការបរទេស និងឧត្តមមន្ត្រីរបស់កម្ពុជា ដែលធ្វើការយ៉ាងល្អ ក្នុងការសម្របសម្រួលចេញឯកសារ ក្នុងពេលពិភលោកដ៏ចម្រូងចម្រាស ដោយបានអញ្ជើញមិត្តភក្តិរបស់យើង មកអង្គុយដោយស្រួល និយាយតាមសម្រួល និងចេញសេចក្តីថ្លែងការណ៍មួយបានយ៉ាងល្អ ។ ក្នុងនោះក៏មានប្រទេសដែលប្រឆាំងគ្នា ក៏មកចូលអង្គុយប្រជុំជាមួយគ្នា ហើយចេញសេចក្តីថ្លែងការណ៍បាន មិនមែនជារឿងងាយស្រួលទេ ជារឿងលំបាក តែយើងអាចធ្វើបាន ។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ប្រទេស ដែលបានចូលរួមកិច្ចប្រជុំនៅកម្ពុជា រាប់ទាំងប្រទេសមកចុះហត្ថលេខាសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ផង និងអរគុណចំពោះកាយវិការ ដែលផ្ដល់លទ្ធភាពឲ្យកម្ពុជាធ្វើបានដោយជោគជ័យ ដែលនេះជាមូលដ្ឋាន សម្រាប់ឈានឆ្ពោះទៅការប្រជុំអាស៊ាន នៅខែវិច្ឆិកាខាងមុខ ក៏នឹងជាមូលដ្ឋានដើម្បីឈានឆ្ពោះទៅជោគជ័យនៃការប្រជុំប្រទេសអភិវឌ្ឍទាំង២០ នៅប្រទេសឥណ្ឌូនេស៊ី និងបង្កលក្ខណៈសម្បត្តិធ្វើឲ្យកិច្ចប្រជុំ APEC នៅប្រទេសថៃ ទទួលបានជោគជ័យដែរ ។
គួរបញ្ជាក់ថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ដោយចំណុចសំខានៗត្រូវនិយាយនៃកិច្ចប្រជុំមានចំនួន៦ចំណុច ទី១. ការវិវឌ្ឍនៅច្រកសមុទ្រតៃវ៉ាន់, ទី២. វិបត្តិមីយ៉ាន់ម៉ា, ទី៣. ការចូលជាសមាជិករបស់ប្រទេសទីម័រខាងកើត, ទី៤. ការពង្រីកទំនាក់ទំនងខាងក្រៅ, ទី៥. ភាពជាប្រធានអាស៊ានរបស់កម្ពុជា និងទី៦. អំណាចកោះប្រជុំរបស់អាស៊ាន ៕(ដោយ៖ បាន សុខរិទ្ធិ)
