
ភ្នំពេញ៖ ជនជាតិចិន ០៥នាក់ ត្រូវបានកងកម្លាំងនគរបាលការពារព្រំដែនទឹកកម្ពុជាសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិចាប់ខ្លួន និងដកហូតគ្រឿងញៀនជាង៩០០គីឡូក្រាម។
សមត្ថកិច្ច បានឲ្យដឹងថា ករណីចាប់ខ្លួនជនជាតិចិននេះ បានធ្វើឡើង នៅវេលាម៉ោង ៨:៣០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីសមត្ថកិច្ច បានទទួលព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ គឺកម្លាំងនគរបាលការពារព្រំដែនទឹក បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ចេញពួនស្ទាក់នៅខាងក្រោយផ្ទះជនសង្ស័យ ជនជាតិចិនទាំង០៥នាក់ ត្រង់និយាមកា 10°40.051N-103°31.320E ខាងក្រៅទំនប់កោះព្រាប ក្នុងដែនសមុទ្រស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ជនសង្ស័យទាំង០៥នាក់មាន ១-ឈ្មោះ TONG JIAN XIN ភេទប្រុស អាយុ៧១ឆ្នាំ ។ ២-ឈ្មោះ GAO ZHI BIN ភេទប្រុស អាយុ៤៩ឆ្នាំ ។ ៣-ឈ្មោះ LI YONG XIN ភេទប្រុស អាយុ៤៨ឆ្នាំ។ ៤-ឈ្មោះ ZHONG JIAN LIN ភេទប្រុស អាយុ៣៦ឆ្នាំ ។ ៥-ឈ្មោះ JAN XI TONG ភេទប្រុស អាយុ៥២ឆ្នាំ ។
បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន៤៤ដុំ ដោយក្នុង០១ដុំ មានទម្ងន់ ២១គីឡូក្រាម ហើយទម្ងន់សរុបមានចំនួន ៩២៤គីឡូក្រាម។ បន្ថែមពីនេះ សមត្ថកិច្ចបានដកហូតមធ្យោបាយអូប័រចំនួន០១គ្រឿង និងទូកឈើចំនួន០១គ្រឿងផងដែរ។
ចំពោះជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបាន បញ្ជូនទៅប្រគល់ជូនស្នងការដ្ឋាននគរបាលព្រះសីហនុ កសាងសំណុំរឿងបន្តតាមនីតិវិធី ៕




