ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានវាយបកការអត្ថាធិប្បាយពីលោក Kurt Campbell អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលថា ប្រទេសចិនប្រតិកម្មហួសហេតុចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីថ្ងៃទី២ ខែសីហាកន្លងទៅនេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយអំឡុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា យោងតាមសំឡេងដែលបានថតទុក វាច្បាស់ណាស់ថា សហរដ្ឋអាមេរិកកំពុងព្យាយាមការពារអ្វីដែលមិនអាចការពារបាន ដោយការអនុវត្តន៍ហេតុផលបែបទំនើង និងធ្វើដូចជាជើងកាង។ ប្រទេសចិនទំនងជាសងសឹកកោះតៃវ៉ាន់ ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi តាមរយៈមធ្យោបាយមួយចំនួនរួមទាំងសមយុទ្ធយោធាក្នុងច្រកសមុទ្រតៃវ៉ាន់ និងបម្រាមលើការនាំចូលចូលដ៏សំខាន់ពីកោះស្វ័យគ្រប់គ្រងមួយនេះ។ លោក Campbell បាននិយាយអំឡុងពេលថតសំឡេងតាមទូរស័ព្ទកាលពីសប្ដាហ៍មុនថា ប្រទេសចិនមានប្រតិកម្មជ្រុលហួសហេតុ ហើយសកម្មភាពដែលនៅតែបន្តរបស់ខ្លួននឹងក្លាយជាការបង្ករឿង បង្កអស្ថិរភាព និងជាសកម្មភាពមិនធ្លាប់មានពីមុនមក។
លោក Campbell បាននិយាយថា សកម្មភាពថ្មីៗរបស់ចិន ផ្ទុយទាំងស្រុងទៅនឹងគោលបំណងនៃសន្តិភាព និងស្ថិរភាព និងជាផ្នែកមួយនៃយុទ្ធនាការដាក់សម្ពាធកាន់តែខ្លាំងប្រឆាំងនឹងកោះតៃវ៉ាន់។
កាលពីថ្ងៃពុធលោក Wang បានវាយបកថា មិនមែនជាចិនទេគឺសហរដ្ឋអាមេរិកទៅវិញទេ ដែលបានធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពទូទាំងច្រកសមុទ្រ ដោយចោទប្រកាន់ដំណើររបស់លោកស្រី Pelosi ថា បានបំពានអធិបតេយ្យភាពរបស់ចិន។ ជំហររបស់ក្រុងប៉េកាំងគឺថា មានចិនតែមួយប៉ុណ្ណោះ ហើយកោះតៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន។ កោះតៃវ៉ាន់បានហៅខ្លួនឯងថាជាសាធារណៈរដ្ឋប្រជាមានិតចិន និងបានក្លាយជាកោះស្វ័យគ្រប់គ្រងចាប់តាំងពីឆ្នាំ១៩៤៩ មក៕
អត្ថបទ៖ សុខមាន