ហុកគី៖ ក្រុមកីឡាហុកគីនារីជម្រើសជាតិកម្ពុជា បានទទួលការកោតសរសើរពីបណ្ដាប្រទេសចូលរួម ក្រោយបញ្ចប់ការប្រកួតជើងឯកហុកគីនារីក្នុងសាលអាស៊ី Women’s Indoor Hockey Asia Cup 2022 នៅប្រទេសថៃកាលពីដើមសប្ដាហ៍កន្លងទៅ។ នេះបើតាមការបញ្ជាក់របស់លោក Rana Asif Maqsood គ្រូបង្វឹកក្រុមកីឡាហុកគីនារីជម្រើសជាតិកម្ពុជា។

ការប្រកួតនេះធ្វើឡើងរយៈពេល ៨ថ្ងៃដោយមាន ៩ក្រុមចូលរួម និងបែងចែកជា ២ពូលក្នុងនោះកម្ពុជាស្ថិតក្នុងពូល B ជាមួយម្ចាស់ផ្ទះថៃ ម៉ាឡេស៊ី និងសិង្ហបុរី ខណៈពូល A មានកាហ្សាក់ស្ថាន ឥណ្ឌូនេស៊ី អ៊ីរ៉ង់ ឆាយនីសតៃប៉ិ និងប៉ាគីស្ថាន។ ជាលទ្ធផលប្រកួតក្នុងពូល កម្ពុជាបានយកឈ្នះសិង្ហបុរី ៣-០ តែចាញ់ថៃ ៥-០ និងចាញ់ម៉ាឡេស៊ី ១៤-១។ ក្រោយខកខានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមកម្ពុជាដែលឈរលេខ៣ ក្នុងពូលត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់ ចន្លោះលេខ៥ ដល់លេខ៨ ហើយលទ្ធផលកម្ពុជាបានត្រឹមចំណាត់ថ្នាក់លេខ៨ បន្ទាប់ពីប្រកួតចាញ់ក្រុមលេខ៤ ក្នុងពូល B ឆាយនីសតៃប៉ិដោយលទ្ធផល ៣-២ និងប្រកួតចុងក្រោយចាញ់ក្រុមសិង្ហបុរីវិញដោយលទ្ធផល ២-០។ លោក Rana Asif Maqsood បានគូសបញ្ជាក់ថា ទោះបីជាលទ្ធផលមិនសមប្រកប ប៉ុន្តែទម្រង់លេងរបស់កូនក្រុមខ្លួនមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ទោះបីមិនទាន់មានទីលានហ្វឹកហាត់ត្រឹមត្រូវក៏ដោយ។ ម្យ៉ាងក៏មិនមានពេលវេលាហ្វឹកហាត់គ្រប់គ្រាន់នៅថៃមុនការប្រកួតដែរ ដ្បិតមុនចេញដំណើរមានកីឡាការិនីមួយចំនួនបានឆ្លងជំងឺកូវីដ-១៩។

តែយ៉ាងណាក្ដីបណ្ដាប្រទេសជាច្រើនបានភ្ញាក់ផ្អើល ដែលកម្ពុជាបានវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស បើធៀបនឹងការប្រកួតមុនៗ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់គ្រូបង្វឹកសញ្ជាតិប៉ាគីស្ថានរូបនេះ។ លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធហុកគីកម្ពុជាបានសម្ដែងការពេញចិត្ត ចំពោះសិទ្ធផលដែលក្រុមកីឡាការិនីកម្ពុជាធ្វើបានពេលនេះ ដែលជាសញ្ញាវិជ្ជមានរបស់ក្រុមកីឡាហុកគីនារីកម្ពុជា ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ពិសេសវិញ្ញាសាហុកគីនារីក្នុងសាលដែលត្រូវបានដាក់ក្នុងការប្រកួត នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានាឆ្នាំក្រោយតែម្ដង៕
អត្ថបទ៖ លី ឈុនឡា