បាល់ទាត់៖ ក្លិបអេស្ប៉ាញ Atletico Madrid បានសំរេចបដិសេធសំណើ ១៣៥លានអឺរ៉ូពីក្លិបបិសាចក្រហម Manchester United ក្នុងការនាំយកខ្សែប្រយុទ្ធព័រទុយហ្កាល់ Joao Felix ទៅកាន់ Old Trafford។ បើតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca លោក Miguel Angel Gil Marin ដែលជាប្រធានក្លិប Atletico Madrid បានបញ្ជាក់ថា ក្លិបមិនមានបំណងលក់ Joao Felix ឡើយនៅពេលនេះ។
លោក Gil Marin បានហោះហើរទៅកាន់ទីក្រុង Lisbon ដើម្បីចរចានាំយក Joao Felix ពី Benifca ផ្ទាល់ដៃកាលពីឆ្នាំ២០១៩ និងសង្ឃឹមថា កីឡាករវ័យ ២២ឆ្នាំរូបនេះនឹងក្លាយជាគ្រាប់ពេជ្ររបស់ក្លិប និងជាកីឡាករកំពូលម្នាក់លើលោកនាពេលអនាគត។ កិច្ចសន្យារបស់ Joao Felix នៅ Atletico Madrid មានរយៈពេលវែងនៅឡើយ ហើយផ្លូវតែមួយគត់ដែល Manchester United អាចទិញបាននោះគឺមានលុយទិញផ្តាច់កុងត្រាដែលមានតម្លៃដល់ទៅ ៣៥០លានអឺរ៉ូ។
សូមបញ្ជាក់ថា Manchester United កំពុងមមារញឹកក្នុងការស្វែងរកកីឡាករចំនូលថ្មីមកពង្រឹងក្លិប ដែលកំពុងដុនដាបពីរប្រកួតដំបូងនៅ Premier League ចាញ់ទាំងពីរប្រកួត។ កីឡាករជាច្រើនដែល Manchester United ចាប់អារម្មណ៍ និងបានដាក់សំណើមានដូចជា Casemiro ពី Real Madrid, ខ្សែបម្រើអាមេរិក Christian Pulisic ចង់ខ្ចីពី Chelsea ក៏ដូចជា Anthony ពី Ajax ជាដើម៕
អត្ថបទ៖នាង សុភាវុធ