បាល់ទាត់៖ ក្រុមការពារតំណែងជើងឯកលីគកំពូលហូឡង់ Ajax Amsterdam បានបន្តការចាប់ផ្តើមរដូវកាលថ្មីល្អឥតខ្ចោះរបស់ខ្លួនជាមួយនឹងជ័យជំនះ ១-០ នៅទឹកដី Sparta Rotterdam ក្នុងសប្តាហ៍ទី៣។ គេមិនឃើញមានវត្តមានខ្សែប្រយុទ្ធប្រេស៊ីល Antony ក្នុងបញ្ជីកីឡាកររបស់ក្លិបឡើយ ខណៈគេរំពឹងថាកីឡាករវ័យ ២២ឆ្នាំរូបនេះអាចនឹងផ្លាស់មកកាន់ Manchester United ក្នុងសប្តាហ៍នេះ។
គ្រូបង្វឹក Ajax លោក Alfred Schreuder បានបញ្ជាក់មុនការប្រកួតថា Antony មិនស្ថិតក្នុងគំរោងរបស់លោកឡើយសំរាប់ការប្រកួតយប់មិញ តែមិនបានលំអិតពីមូលហេតុអ្វីនោះឡើយ។ ជ័យជំនះរបស់ Ajax យប់មិញសំរេចបានដោយគ្រាប់បាល់របស់អតីតកីឡាកររបស់ Spurs, Steven Bergwijn នៅនាទីទី៣៧។ បីពិន្ទុនេះធ្វើឱ្យ Ajax បន្តការនាំមុខគេក្នុងតារាងលីគកំពូលហូឡង់ក្រោយលេងបាន ៣សប្តាហ៍មាន ៩ពិន្ទុពេញ និងបន្តស្ថិតិឈ្នះលើ Sparta Rotterdam ដល់ ១២ប្រកួត៕
អត្ថបទ៖នាង សុភាវុធ