បាល់ទាត់៖ ខ្សែប្រយុទ្ធវ័យចំណាស់អង់គ្លេស Jamie Vardy បានសំរេចបន្តកិច្ចសន្យាពីរឆ្នាំបន្ថែមបន្តរួមរស់ជាមួយ Leicester City រហូតដល់ឆ្នាំ២០២៤។ កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានស្នាក់នៅ Leicester City អស់រយៈពេល ១០ឆ្នាំមកហើយ និងបានស៊ុតបញ្ចូលទីសរុប ១៣៣គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ២៧២ប្រកួត។
កាលពីរដូវកាល ២០១៥-២០១៦ Jamie Vardy ស៊ុតបញ្ចូលទីបាន ២៤គ្រាប់ក្នុងមួយរដូវកាលជួយឱ្យ Leicester City ឈ្នះជើងឯក English Premier League គួរឱ្យភ្ញាក់ផ្អើល បូករួមទាំងឈ្នះជើងឯក FA Cup និងបង្ហាញខ្លួននៅ UEFA Champions League លើកដំបូងនៅពេលនោះតាំងពីផ្លាស់ពីក្លិបពាក់កណ្តាលអាជីព Fleetwood នៅឆ្នាំ២០១២។ កិច្ចសន្យាចាស់របស់ Vardy គ្រោងនឹងអស់សុពលភាពនៅឆ្នាំ២០២៣ និងធ្លាប់មានទំនាក់ទំនងផ្ទេរទៅកាន់ Manchester United ផងដែរក្នុងរយៈពេលនៃការដូរដោះកីឡាករនៅពេលនេះ។
Jamie Vardy ធ្លាប់ឈ្នះជ័យលាភីស្បែកជើងមាសកាលពីរដូវកាល ២០១៩-២០ ក្រោយស៊ុតបាន ២៣គ្រាប់ និងរកបាន ៧គ្រាប់ផងដែរក្នុងការបង្ហាញខ្លួន ២៦លើកឱ្យក្រុមជំរើសជាតិអង់គ្លេស។ យ៉ាងណាក្តី Leicester City ចាប់ផ្តើមរដូវកាលថ្មីនេះមិនបានល្អឡើយក្រោយលេង ៣ប្រកួតរកបានតែ ១ពិន្ទុបន្ទាប់ពីប្រកួតចុងក្រោយចាញ់ Southampton ១-២ ក្នុងទឹកដីខ្លួនឯង៕
អត្ថបទ៖នាង សុភាវុធ