ភ្នំពេញ៖ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្មីៗនេះ ពិនិត្យឃើញថានៅលើបណ្ដាញសង្គមមានជនអគតិបានបង្កើតគណនីហ្វេសប៊ុកបង្ហោះរូបភាពកែច្នៃ និងខ្លឹមសារព័ត៌មានមិនពិតដោយបំភ្លៃថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិទទួលមរណភាព។
ការផ្សព្វផ្សាយនេះផ្ទុយពីការពិតទាំងស្រុង ដែល បច្ចុប្បន្ននេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មានសុខភាពរឹងមាំ បាននិងកំពុងបញ្ជាដឹកនាំកម្លាំងនគរបាលជាតិទូទាំងប្រទេស ក្នុងប្រតិបត្តិការក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សារធារណ: និងសុវត្ថិភាពសង្គមជាពិសេស ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងសង្រ្គាមកូវីដ-១៩ ក៏ដូចជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។
អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសបដិសេធន៍ និងច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិត ដែលមិនត្រឹមតែប្រមាថដល់កិត្តិយស អាយុជីវិតរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជាមេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងនគរបាលជាតិប៉ុណ្ណោះទេ គឺថែមទាំងមានចេតនាបង្កភាពវឹកវរក្នុងជួរកងកម្លាំងនគរបាលជាតិ និងធ្វេីឱយប៉ះពាល់ដល់ស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គមទៀតផង។
ជាមួយគ្នានេះ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វេីការថ្កោលទោសដាច់អហង្ការការចំពោះទង្វេីទុច្ចរិត គ្មានវិចារណញាណរបស់ជនអគតិទាំងនោះ និងស្នេីដល់អង្គភាពជំនាញបើកការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកជនល្មេីស រួមទាំងបក្ខពួក និងមេក្លោងយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។
អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន ពិសេសបណ្ដាញទំនាក់ទំនងសង្គម សូមកុំយល់ច្រឡំ និងសូមអំពាវនាវកុំចូលរួមចែករំលែកព័ត៌មានក្លែងក្លាយនេះដើម្បីចៀសវាងបង្កការលំបាកក្នុងការអនុវត្តភារកិច្ចស្រាវជ្រាវរបស់នាយកដ្ឋានជំនាញ និងអាចប្រឈមមុខចំពោះការអនុវត្តគោលការណ៍ជំនាញរបស់មន្ត្រីអនុវត្តច្បាប់៕ អត្ថបទ: វង្ស សុភាព

