
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការដែលក្រសួងអប់រំកម្ពុជា សម្រេចបង្កើតឲ្យមានការរៀនភាសាវៀតណាម នៅក្នុង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺមិនខុសនោះទេ ខណៈឲ្យមានការរៀនភាសាវៀតណាមនេះគឺមានតែចំណេញដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការយល់ដឹងបន្ថែម និងផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងរកស៊ីជាមួយភាគីវៀតណាម។
ការលើកឡើងរបស់សម្តេចបែបនេះគឺបានធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីជនជ្រុលនិយមមួយក្តាប់តូច ដែលបានប្រឆាំង និងទិទានបន្ទាប់ពីក្រសួងអប់រំកម្ពុជាប្រកាសគ្រោងដាក់ឲ្យមានការរៀននូវភាសាវៀតណាម នៅក្នុងសាលាភូមិន្ទភ្នំពេញកាលពីកន្លងទៅថ្មីៗនេះ។
ថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងដេប៉ាតឺម៉ង់ សម្រាប់កម្មវិធីសិក្សានៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនោះ គឺមិនមែនតែភាសាវៀតណាមនោះទេ គឺមានភាសាបរទេសជាច្រើនទៀត ហើយការសម្រេចដាក់ភាសាវៀតណាម បន្ថែមទៀតនោះគឺវាកាន់តែផ្តល់ភាពងាយស្រួលដល់សិស្សនិស្សិត មន្រ្តីរាជការដែលជាប់អាហារូបករណ៍ទៅសិក្សានូវប្រទេសវៀតណាម និងផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយភាគីវៀតណាមក្នុងគោលបំណងអ្វីមួយជាដើមនោះ។
សូមបញ្ជាក់ថា ការគ្រោងបើកដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានក្លាយជាប្រធានបទក្ដៅដែលមានជជែកពិភាក្សាច្រើន ដោយមានប្រជាពលរដ្ឋមួយចំនួនមានការព្រួយបារម្ភដោយគិតថា មានការតម្រូវឱ្យសិស្សគ្រប់រូបនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវសិក្សាភាសាវៀតណាម ហើយក៏មានអ្នកខ្លះបារម្ភពីឥទ្ធិពល វៀតណាមមកលើកម្ពុជាផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន ការសិក្សាភាសាវៀតណាមគឺមិនមែនសម្រាប់សិស្សទូទៅនោះទេ ខណៈការបើកការសិក្សាវៀតណាមនេះ គឺសម្រាប់ក្រុមនិស្សិតជាក់លាក់ ដែលមានតម្រូវការចង់រៀនភាសាវៀតណាម សម្រាប់បម្រើការងារក្នុងក្រុមហ៊ុនវៀតណាម និងជាពិសេសសម្រាប់សិស្សជាប់អាហារូបករណ៍ ដែលត្រូវទៅសិក្សានៅប្រទេសវៀតណាមផងដែរ៕ អត្ថបទ៖ បាន ចក់



