បាល់ទាត់៖ ទីបំផុតក្រុមបិសាចក្រហម Manchester United ស្គាល់ជ័យជំនះដំបូងហើយនៅក្របខណ្ឌ English Premier League រដូវកាលនេះក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Eric ten Hag ក្រោយយកឈ្នះ Liverpool ២-១ នៅ Old Trafford។

អតីតអ្នកចាត់ការ Ajax រូបនេះបានសំរេចមិនដាក់ប្រធានក្រុម Harry Maguire និងខ្សែប្រយុទ្ធ Cristiano Ronaldo ឱ្យលេងជម្រើសដំបូង ខណៈទំរង់លេងឆ្លើយតបមកវិញនូវភាពប្រសើរឡើង ដើម្បីបន្ធូរបន្ថយសំពាធនៅខាងក្រៅកីឡដ្ឋានដែលមានការបាតុកម្មប្រឆាំងប្រធានក្លិប។ អតីតកីឡាកររបស់ Dortmund, Jadon Sancho បានបើកការនាំមុខមុននៅនាទីទី១៦ មុនពេលដែលវគ្គទី២ កីឡាករបម្រុង Anthony Martial បញ្ជូនបាល់ឱ្យ Marcus Rashford ស៊ុតបញ្ចូលទីគ្រាប់នាំមុខ ២-០ នៅនាទីទី៥៣។ Liverpool ក៏តបបានមួយគ្រាប់វិញដែរនៅនាទីទី៨១ ដោយ Mohamed Salah តែមិនគ្រប់គ្រាន់ឡើយ ខណៈការប្រកួតបញ្ចប់ដោយ Manchester United យកឈ្នះ Liverpool ២-១។

ជ័យជំនះដំបូងនេះធ្វើឱ្យ Manchester United ឡើងមកលេខ១៤ ក្នុងតារាងលេង ៣ប្រកួតឈ្នះ១ ចាញ់២ មាន ៣ពិន្ទុ ខណៈ Liverpool នៅតែបន្តស្វែងជ័យជំនះរបស់ខ្លួននៅឡើយក្រោយលេង ៣ប្រកួតស្មើ២ ចាញ់១ មាន ២ពិន្ទុ។ ប្រកួតបន្ទាប់ Manchester United ត្រូវធ្វើដំណើរទៅទឹកដី Southampton ថ្ងៃសៅរ៍នេះ ខណៈ Liverpool ទទួល Bournemouth៕
អត្ថបទ៖នាង សុភាវុធ