បាល់ទាត់៖ ក្រុមកញ្ជ្រោង AS Roma ចាប់ផ្តើមរដូវកាលរបស់ខ្លួនបានយ៉ាងល្អឥតខ្ចោះក្រោយឈ្នះ ២ប្រកួតជាប់គ្នាបន្ទាប់ពីយកឈ្នះក្រុមឡើងថ្មី Cremonese ១-០ យប់មិញ។

ខ្សែការពារអង់គ្លេស និងជាអតីតខ្សែការពារ Manchester United, Chris Smalling គឺជាអ្នកតែតបញ្ចូលទីសំរេចគ្រាប់បាល់ជ័យជំនះ ៣ពិន្ទុសំរាប់ AS Roma នៅនាទីទី៦៥ ពីបាល់ជ្រុងរបស់ Lorenzo Pellegrini។ ក្រុមភ្ញៀវ Cremonese ក៏មានឱកាសល្អក្នុងការរកគ្រាប់បាល់ដែរ តែខ្សែប្រយុទ្ធនីហ្សេរីយ៉ា Cyriel Dessers ស៊ុតបុករបាទី។ AS Roma ដែលជាជើងឯក UEFA Europa Conference League រដូវកាលមុន មកដល់ពេលនេះឈ្នះ ២ប្រកួតជាប់គ្នា និងមិនទាន់របូតគ្រាប់បាល់ឡើយមាន ៦ពិន្ទុពេញឈរលេខ៣ ស្មើពិន្ទុជាមួយ Napoli និង Inter Milan។
ងាកមកមួយគូទៀតយប់មិញដែរ Juventus បាត់បង់ ៣ពិន្ទុក្រោយស្មើនៅទឹកដី Sampdoria ០-០។ ក្រុមរបស់លោក Massimiliano Allegri នៅពេលនេះឈរលេខ៤ មាន ៤ពិន្ទុក្រោយលេង ២ប្រកួតឈ្នះ១ ស្មើ១ ខណៈ Sampdoria ឈរលេខ១៦ មាន ១ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ