វាយកូនបាល់៖ កីឡាករវាយកូនបាល់លំដាប់លេខ២ ពិភពលោក Alexander Zverev បានសំរេចចិត្តដកខ្លួនចេញពីព្រឹត្តិការណ៍ Grand Slam, US Open ហើយដោយសារមិនទាន់ជាពីរបួសកជើង។ កីឡាករអាល្លឺម៉ង់វ័យ ២៥ឆ្នាំរូបនេះបានរងរបួសកជើងនេះកាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open នៅពេលជួបជាមួយជើងឯក Rafael Nadal។

ម្ចាស់មេដាយមាសអូឡាំពិករូបនេះបានទទួលការវះកាត់ជោគជ័យកាលពីដើមខែមិថុនា ហើយត្រូវការពេលវេលាច្រើនទៀតដើម្បីសម្រាកព្យាបាលរបួសរបស់ខ្លួន។ ការដកខ្លួនរបស់ Alexander Zverev ក៏ធ្វើឱ្យមានការកែប្រែចំណាត់ថ្នាក់ក្នុងកម្មវិធីប្រកួតរបស់ US Open ដែរដែលមានន័យថា កីឡាករអេស្ប៉ាញលំដាប់លេខ៣ ពិភពលោក Rafael Nadal នឹងឡើងមកឈរលេខ២ ក្នុងកម្មវិធីពីក្រោមកីឡាកររុស្ស៊ី Daniil Medvedev។
ជាមួយគ្នានោះដែរ កីឡាករជំនាញដៃឆ្វេងរបស់អង់គ្លេស Cameron Norrie ឡើងមកឈរលេខ៨ មានន័យថា កីឡាករវ័យ ២៦ឆ្នាំរូបនេះនឹងមិនជួបកីឡាករដែលមានចំណាត់ថ្នាក់ល្អជាងខ្លួនឡើយរហូតដល់វគ្គ ៨នាក់ចុងក្រោយ។ ព្រឹត្តិការណ៍ Grand Slam ចុងក្រោយប្រចាំឆ្នាំ២០២២ នេះ US Open នឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែសីហានេះ៕
អត្ថបទ៖នាង សុភាវុធ